(បាដាដ)៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Muhammad Shia al-Sudani បានបញ្ជាក់នៅថ្ងៃចន្ទ (ទី១៥ មករា) ថា អ៊ីរ៉ាក់ចង់បញ្ចប់វត្តមានរបស់សម្ព័ន្ធយោធាអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅអ៊ីរ៉ាក់ លោក Hans Sandee ដែលប្រទេសនេះគ្រោងនឹងទទួលតំណែងជាប្រធាន នៃបេសកកម្មរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ប្រចាំប្រទេសអ៊ីរ៉ាក់ នៅពាក់កណ្តាលខែឧសភាខាងមុខនេះ។

លោក Al-Sudani បាននិយាយថា បេសកកម្មបន្ទាប់របស់បណ្តាប្រទេសចម្រុះ ត្រូវតែរួមបញ្ចូលការងារបច្ចេកទេស ដើម្បីបញ្ចប់វត្តមានរបស់ក្រុមនេះនៅក្នុងប្រទេសអ៊ីរ៉ាក់ និងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការសន្តិសុខ និងយោធាទ្វេភាគីជាមួយអ៊ីរ៉ាក់។

ដោយឡែក នៅក្នុងជំនួបដដែលនោះ លោក Sandee ក៏បាននាំយកការអញ្ជើញជាផ្លូវការ ជូនដល់លោកនាយករដ្ឋមន្ត្រី al-Sudani ពីសមភាគីហូឡង់ លោក Mark Rutte ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសហូឡង់ ដើម្បីពិភាក្សាអំពីឱកាសសម្រាប់ភាពជាដៃគូរវាងប្រទេសទាំងពីរ ប៉ុន្តែមិនបានលម្អិតបន្ថែម អំពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនោះទេ។

គួរបញ្ជាក់ថា ប្រទេសហូឡង់គឺជាផ្នែកមួយនៃក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដែលមានភារកិច្ចបណ្តុះបណ្តាល និងផ្តល់យោបល់ដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ក្នុងសង្គ្រាមរបស់ពួកគេប្រឆាំងនឹងអង្គការភេរវកម្ម ISIS៕

រូបភាពពីគណនីបណ្តាញសង្គម របស់ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់