(ហ្សេរុយសាឡឹម)៖ សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា «នេះគឺជាពេលវេលាដ៏ត្រឹមត្រូវ» សម្រាប់អ៊ីស្រាអែល ក្នុងការកាត់បន្ថយការវាយលុកយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលមេដឹកនាំអ៊ីស្រាអែលបានប្តេជ្ញាជាថ្មីម្តងទៀតថា នឹងបន្តប្រតិបត្តិការរបស់ពួកគេ ប្រឆាំងនឹងចលនាហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
ការអត្ថាធិប្បាយនេះ បានលាតត្រដាងពីការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើង រវាងសម្ព័ន្ធមិត្តជិតស្និទ្ធទាំងពីរនៅថ្ងៃទី ១០០ នៃសង្រ្គាម។
ថ្លែងទៅកាន់ទូរទស្សន៍ CBS អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិកបាន និងកំពុងនិយាយជាមួយអ៊ីស្រាអែល ឱ្យផ្លាស់ប្តូរកម្រិតប្រតិបត្តិការយោធារបស់ខ្លួនទៅកម្រិតទាប នៅក្នុងតំបន់ហ្គាហ្សា។ លោកបានលើកឡើងដូច្នេះថា «យើងគិតថា នេះជាពេលវេលាត្រឹមត្រូវសម្រាប់ការផ្លាស់ប្តូរនេះ។ យើងកំពុងនិយាយជាមួយពួកគេដើម្បីធ្វើវាឱ្យបាន»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាសបានវាយឆ្មក់ឆ្លងដែនចូលភាគជើងអ៊ីស្រាអែល និងបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ ព្រមទាំងបានចាប់ខ្លួនមនុស្ស ២៥០ នាក់ផ្សេងទៀតជាចំណាប់ខ្មាំង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថា នឹងបន្តទៅមុខជាមួយនឹងសង្គ្រាមនេះ រហូតទាល់តែក្រុមហាម៉ាសត្រូវបានបំផ្លាញ ហើយចំណាប់ខ្មាំងជាង ១០០ នាក់ដែលនៅតែជាប់ឃុំត្រូវបានដោះលែង។
សង្រ្គាមបាននាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅទូទាំងតំបន់ ដោយអ៊ីស្រាអែលបានបាញ់ផ្លោងដាក់គ្នាស្ទើរតែរាល់ថ្ងៃ ជាមួយនឹងក្រុម Hezbollah លីបង់ និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។ លើសពីនេះទៀត ក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន បានកំណត់គោលដៅដឹកជញ្ជូនអន្តរជាតិ ដែលនាំឱ្យមានរលកនៃការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន៕
រូបភាពពី Reuters