(មូស្គូ)៖ អាជ្ញាធរក្នុងតំបន់ បានប្រកាសនៅថ្ងៃចន្ទនេះថា រុស្ស៉ីបានកាត់ទោសនិស្សិត អាយុ ២០ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ក្រោមការចោទប្រកាន់ពី បទធ្វើការជាមួយទីភ្នាក់ងារសន្តិសុខរបស់អ៊ុយក្រែន និងរៀបចំផែនការវាយប្រហារលើមូលដ្ឋានយោធារុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

សាខាទីភ្នាក់ងារសន្តិសុខរុស្ស៉ី FSB ប្រចាំទីក្រុង Kurgan ភាគកណ្តាលប្រទេសរុស្ស៉ី បានឲ្យដឹងថា និស្សិតប្រុសរូបនេះត្រូវបានឃុំខ្លួន ក្រោមការសង្ស័យថាបានធ្វើការជាមួយរដ្ឋបរទេស។ បើតាមសេចក្តីប្រកាសរបស់ FSB ចុះក្នុងសារព័ត៌មានរុស្ស៉ី និស្សិតដដែល គ្រោងប្រព្រឹត្តិវិទ្ធង្សនានៅតាមទីតាំងមូលដ្ឋានយោធា និងហេដ្ឋារចនាសម្ព័ន្ធស៉ីវិល ហើយត្រូវជាប់ឃុំរយៈពេល ៥ឆ្នាំ។ FSB ក៏បានអះអាងថា និស្សិតរូបនោះមានគម្រោងចែកចាយការឃោសនាគាំទ្រអ៊ុយក្រែនតាមអ៉ីនធឺណិត និងប្រគល់ព័ត៌មានលម្អិតពី សកម្មភាពរបស់កងទ័ព និងអាជ្ញាធរអនុវត្តច្បាប់រុស្ស៉ី នៅក្នុងតំបន់ថែមទៀតផង។

គួរបញ្ជាក់ថា ចាប់តាំងពីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៉ីបានចាប់ខ្លួនជនបរទេស និងពលរដ្ឋរុស្ស៉ីមួយចំនួន ដែលត្រូវបានចោទប្រកាន់ថា ធ្វើការជាមួយអ៊ុយក្រែន ឬរៀបចំផែនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធកងទ័ព។ កន្លងមក រុស្ស៉ីក៏ធ្លាប់ដាក់ទោសទណ្ឌលើយោធិនរាប់ពាន់នាក់ ដោយការឃុំខ្លួនឬពិន័យពីបទនិយាយប្រឆាំងនឹងសង្រ្គាមនៅអ៊ុយក្រែន៕

រូបភាពពី Reuters