(ណៃពិដោ)៖ ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចមួយ នៅរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បានអះអាងនាថ្ងៃចន្ទនេះថា ខ្លួនដណ្តើមបានក្រុងមួយ ដែលនៅជាប់ព្រំប្រទល់ប្រទេសឥណ្ឌា និងបង់ក្លាដែស ខណៈវាគឺជាការបាត់បង់ថ្មីចុងក្រោយមួយទៀត សម្រាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលកំពុងបន្តប្រយុទ្ធជាមួយ ក្រុមប្រដាប់អាវុធដែលប្រឆាំងការដឹកនាំរបស់ខ្លួន នៅផ្នែកផ្សេងៗគ្នានៃផ្ទៃប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រុមចលនាប្រដាប់អាវុធ Arakan Army (AA) បានអះអាងកាលពីយប់ថ្ងៃអាទិត្យកន្លងទៅថា កងកម្លាំងរបស់ខ្លួនដណ្តើមបាន Paletwa ជាក្រុងកំពង់ផែមួយ ស្ថិតនៅជាប់ទន្លេ Kaladan ដែលមានសារសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិងកំពុងបន្តប្រយុទ្ធគ្នាជាមួយ ក្រុមចលនាប្រដាប់អាវុធ នៅទិសតំបន់ផ្សេងៗគ្នា ចាប់តាំងតែពីចុងខែតុលា ឆ្នាំមុន ជាពេលដែលសម្ព័ន្ធចលនាប្រដាប់អាវុធជនជាតិភាគតិច ហៅកាត់ថា Three Brotherhood Alliance បានរួមសហការគ្នាចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំ លើមូលដ្ឋាននិងក្រុងដែលគ្រប់គ្រងដោយយោធា។

ចាប់តាំងតែពីពេលនោះមក សម្ព័ន្ធ Three Brotherhood Alliance កាន់កាប់បានបន្ទាយទាហាន និងក្រុងមួយចំនួន ខណៈវាគឺជាបញ្ហាប្រឈមផ្នែកសមរភូមិដ៏ធំបំផុតមួយ សម្រាប់របបសឹកមីយ៉ាន់ម៉ា ចាប់តាំងពីការធ្វើរដ្ឋប្រហាររបស់ខ្លួន ប្រឆាំងរដ្ឋាភិបាលស៉ីវិល កាលពីខែកុម្ភៈ ឆ្នាំ២០២១មក។ ការដួលរលំនៃក្រុង Paletwa នៅតំបន់ភាគខាងលិច កើតមានឡើង បន្ទាប់ពីក្រុមចលនាប្រដាប់អាវុធ១ផ្សេងទៀត ដែលស្ថិតក្នុងសម្ព័ន្ធ Three Brotherhood Alliance ដែរ គឺ TNLA វាយដណ្តើមបានក្រុង Laukkai នៅឯរដ្ឋ Shan ភាគខាងជើង ជាប់ព្រំប្រទល់ជាមួយប្រទេសចិន។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានយល់ព្រមចំពោះបទឈប់បាញ់មួយ ជាមួយក្រុម TNLA សម្រាប់នៅ​តំបន់ជាប់ព្រំដែនចិន បន្ទាប់ពីកិច្ចចរចា ត្រូវបានធ្វើឡើង នៅទីក្រុង Kunming របស់ចិន ហើយសម្របសម្រួលដោយមន្រ្តីទីក្រុងប៉េកាំង។ យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យកន្លងទៅ សម្ព័ន្ធ Three Brotherhood Alliance បានចោទប្រកាន់ថា កងកម្លាំងរដ្ឋាភិបាលយោធា បានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ តាមរយៈការវាយប្រហារមកលើតំបន់មួយចំនួន នៅរដ្ឋ Shan៕

រូបភាពពី Reuters