(ស៉ីដនី)៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បានអំពាវនាវនៅថ្ងៃចន្ទនេះ ឲ្យមានបទឈប់បាញ់យូរអង្វែង សម្រាប់តំបន់ហ្គាហ្សា ខណៈដែលលោកស្រីចេញដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលរួមមានទស្សនកិច្ចនៅតំបន់ West Bank និងជំនួបសំណេះសំណាលជាមួយ ក្រុមគ្រួសារចំណាប់ខ្មាំងអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

លោកស្រី Penny Wong ថានឹងប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់ហ៊្សកដានី អ៉ីស្រាអែល West Bank និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីតស៊ូមតិរកផ្លូវចេញពីជម្លោះបច្ចុប្បន្ន និងស្វែងរកសន្តិភាពយូរអង្វែងក្នុងទម្រង់នៃដំណោះស្រាយរដ្ឋពីរ។ អូស្ត្រាលីនឹងប្រើប្រាស់ សំឡេងរបស់ខ្លួន ជំរុញឲ្យមានការការពារជនស៉ីវិលកាន់តែខ្លាំង និងបន្ធូបន្ថយភាពតានតឹងក្នុងតំបន់ ថ្លែងនៅឯសន្និសីទសារព័ត៌មាន ក្នុងពេលចេញដំណើរ លោកស្រី Wong បានគូសបញ្ជាក់ថា «គោលជំហររបស់យើង គឺចង់ឃើញបទឈប់បាញ់យូអង្វែង លំហូរនៃជំនួយមនុស្សធម៌អន្តរជាតិ និងបទឈប់បាញ់ជាបន្ទាន់ ឬជាជំហានឆ្ពោះទៅរកបទឈប់បាញ់»

គួរបញ្ជាក់ថា អំឡុងដំណើរទស្សកិច្ចលើកដំបូងនៅអ៉ីស្រាអែល រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីរូបនេះ ក៏នឹងត្រូវជួបក្រុមមន្រ្តីរដ្ឋាភិបាល និងក្រុមគ្រួសារចំណាប់ខ្មាំង ដែលត្រូវក្រុមហាម៉ាសចាប់ពង្រត់យកទៅនោះផងដែរ។ បន្ទាប់មក លោកស្រី Wong នឹងធ្វើដំណើរទៅហ៊្សកដានី មុនពេលទៅតំបន់ West Bank ជាកន្លែងដែលលោកស្រី គ្រោងជួបតំណាងសហគមន៍ដែលរងផលប៉ះពាល់ ដោយអំពើហិង្សាពីសំណាក់ក្រុមអ្នកតាំងទីលំនៅអ៉ីស្រាអែល៕

រូបភាពពី Reuters