(វ៉ាស៉ីនតោន)៖ យោធាសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា យន្តហោះចម្បាំងអាមេរិក បានបាញ់ទម្លាក់មីស៉ីលប្រឆាំងនាវា ដែលបាញ់ចេញពីទីតាំងរបស់ក្រុមហ៊ូទី របស់យេម៉ែន ឆ្ពោះមកកាន់នាវាពិឃាតអាមេរិក១គ្រឿង ដែលកំពុងឈរជើងនៅភាគខាងត្បូងសមុទ្រក្រហម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

នេះគឺជាសកម្មភាពឆ្លើយតបមួយទៀត ចំពោះការវាយប្រហារមកលើផ្លូវដឹកជញ្ជូនអន្តរជាតិ ពីសំណាក់ក្រុមហ៊ូទី នៅឯតំបន់សមុទ្រក្រហម ដែលតែងតែធ្វើសកម្មភាព ក្រោមហេតុផលគាំទ្រប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។ ទីបញ្ជាការកណ្តាលយោធារបស់សហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងតាមបណ្តាញសង្គម X ថា មិនមានអ្នករងរបួស ឬការខូចខាតណាមួយ នៅក្នុងឧបទ្ទវហេតុថ្មី ចុងក្រោយនេះទេ។ មីស៉ីលត្រូវបានបាញ់ទម្លាក់ នៅក្បែរទីក្រុងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែន។

គួរបញ្ជាក់ថា វិធានការឆ្លើយតបជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងអង់គ្លេសទៅកាន់គោលដៅក្រុមហ៊ូទី នៅយេម៉ែន បានបង្កឱ្យមានការវាយប្រហារបន្ថែមពីក្រុមឧទ្ទាមនេះ ខណៈដែលវិបត្តិនៅតំបន់សមុទ្រក្រហម បានបន្ថែមទៅលើការព្រួយបារម្ភ អំពីលទ្ធភាពរីករាលដាលនៃសង្រ្គាមចេញពីតំបន់ Gaza Strip នៅពាសពេញតំបន់មជ្ឈិមបូព៌ា៕