(យ៉ារែន)៖ ប្រទេសដែនកោះណូរូ (Nauru) នៃតំបន់ប៉ាស៉ីហ្វិក នាចន្ទនេះ បានប្រកាសថា ខ្លួននឹងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយងាកទៅទទួលស្គាល់ចិនវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។
រដ្ឋាភិបាលកូនប្រទេសដីកោះប៉ាស៉ីហ្វិកមួយនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា វាគឺជាប្រយោជន៍ប្រសើរបំផុតសម្រាប់ប្រទេសណូរូ និងប្រជាជនរបស់ខ្លួន ក្នុងការងាកទៅបង្កើតទំនាក់ទំនងការទូតផ្លូវការ ជាមួយប្រទេសចិន។ ណូរូបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រការនេះគឺមានន័យថា សាធារណរដ្ឋណូរូ នឹងលែងទទួលស្គាល់កោះតៃវ៉ាន់ ជារដ្ឋដាច់ដោយឡែកពីចិនទៀតហើយ ប៉ុន្តែជាដែនដីពុំអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ហើយនឹងផ្តាច់ទំនាក់ទំនងការទូតត្រឹមថ្ងៃនេះតែម្តង ដោយបញ្ឈប់ការអភិវឌ្ឍទំនាក់ទំនង ឬការធ្វើប្រាស្រ័យទាក់ទងផ្លូវការរវាងគ្នា»។ កោះតៃវ៉ាន់ត្រូវចិនចាត់ទុកជាដែនដីនៃប្រទេសរបស់ខ្លួន ដែលពុំមានសិទ្ធិបង្កើតទំនាក់ទំនងរដ្ឋនិងរដ្ឋ ជាមួយប្រទេសដទៃឡើយ។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ប្រទេសណូរូ ធ្វើឱ្យតៃវ៉ាន់នៅសល់សម្ព័ន្ធមិត្តការទូតតែ១២ប៉ុណ្ណោះ ដែលរួមមានទាំងក្វាតេម៉ាឡា ប៉ារ៉ាហ្កាយ ហៃទី បេលី អេស្វាទីនី និងក្រុមប្រទេសដែនកោះតូចៗមួយចំនួនទៀត ហើយវាកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបេក្ខជនមកពីគណបក្សកាន់អំណាចបច្ចុប្បន្នរបស់តៃវ៉ាន់ គឺលោក Lai Ching-te បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅកោះតៃវ៉ាន់។ លោក Lai នឹងឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែឧសភា៕
រូបភាពពី Reuters