(ហាណូយ)៖ មេដឹកនាំកំពូលនៃប្រទេសវៀតណាម គឺលោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong) ដែលជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នាថ្ងៃចន្ទនេះ បានចូលរួមក្នុងសម័យប្រជុំមួយរបស់សភាវៀតណាម ក្រោយរូបលោកមិនបានបង្ហាញវត្តមានជាសាធារណៈច្រើនថ្ងៃ ជាហេតុនាំឱ្យលេចឡើងនូវក្តីកង្វល់ ជុំវិញស្ថានភាពសុខភាពរបស់លោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

នាពេលកន្លងទៅក្នុងខែមករានេះ ដោយផ្ទុយពីទម្លាប់រាល់ដង លោក Trong ដែលបច្ចុប្បន្នអាយុ៧៩ឆ្នាំ គឺមិនមានឈ្មោះក្នុងកាលវិភាគផ្លូវការ នៃជំនួបដែលត្រូវបានធ្វើឡើង រវាងបណ្តាថ្នាក់ដឹកនាំវៀតណាម ហើយនិងប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo ព្រមទាំង​នាយករដ្ឋមន្រ្តីឡាវ លោក Sonexay Siphandone ដែលបានមកបំពេញទស្សនកិច្ច នៅរដ្ឋធានីហាណូយ នោះឡើយ។ ប្រការនេះ​បានបង្កឱ្យមានសេចក្តីសន្និដ្ឋានយ៉ាងទូលំទូលាយ ជុំវិញស្ថានភាពសុខភាពរបស់លោក។

នាថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានគូសរំលេចជាពិសេសនូវវត្តមានរបស់លោក Trong អំលុងសម័យប្រជុំសភាខាងលើ ខណៈជាធម្មតា​គឺមិនដូច្នោះទេ ហើយបានចេញផ្សាយរូបភាពជាច្រើន បង្ហាញឱ្យឃើញលោកឈរសើចញញឹម ជាមួយថ្នាក់ដឹកនាំដទៃទៀត នៅក្នុងសភា។ យ៉ាងណាមិញ បើយោងតាម​ Reuters ក្រោយថ្លែងសុន្ទរកថាបើកសម័យប្រជុំរួច លោក Trong ត្រូវគេសង្កេតឃើញ បានដើរចាកចេញពីសម័យប្រជុំ ដោយមានការជួយពីជំនួយការ។

គួរបញ្ជាក់ថា លោក Nguyen Phu Trong មានតួនាទីជាប្រមុខគណបក្សកុម្មុយនិស្តវៀតណាម ចាប់តាំងតែពីឆ្នាំ២០១១មក ហើយ​មានឋានៈជាមេដឹកនាំកំពូលបំផុត នៅក្នុងប្រព័ន្ធនយោបាយឯកបក្សរបស់ប្រទេសអាស៊ានមួយនេះ ពោលអំណាចកំពូលមិនមែនស្ថិតក្នុងដៃប្រធានាធិបតីដែលជាប្រមុខរដ្ឋ ឬនាយករដ្ឋមន្រ្តីដែលជាប្រមុខរដ្ឋាភិបាល នោះឡើយ៕

រូបភាពពី Reuters