(ម៉ាល់)៖ មន្រ្តីមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ប្រទេសដីកោះម៉ាល់ឌីវ បានអំពាវនាវឲ្យឥណ្ឌាដកទ័ពចេញពីទឹកដីរបស់ខ្លួន ត្រឹមថ្ងៃទី១៥ ខែមីនា ដែលជាជំហានមួយអាចធ្វើឲ្យទំនាក់ទំនងកាន់តែមានភាពតានតឹង រវាងប្រទេសជិតខាងក្នុងតំបន់អាស៉ីខាងត្បូងទាំងពីរនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

ការស្នើឲ្យនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៅឯក្រសួងការបរទេស រវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ បើតាមប្រធានគោលនយោបាយនៃការិយាល័យប្រធានាធិបតី លោក Ahmed Nazim នៅក្នុងកិច្ចប្រជុំនេះ តាងនាមឲ្យលោកប្រធានាធិបតី Mohamed Muizzu គណៈប្រតិភូម៉ាល់ឌីវបានស្នើឲ្យកងទ័ពឥណ្ឌាចាកចេញ ត្រឹមថ្ងៃទី១៥ ខែមីនា។ កាលបរិច្ឆេទនេះកំណត់ឡើងក្នុងរបៀបវារៈរបស់រដ្ឋាភិបាល និងជាពិសេសដោយប្រធានាធិបតី ហើយការពិភាក្សាគ្នាកំពុងបន្ត។ យ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា ទាហានឥណ្ឌាប្រហែល ៨០នាក់ កំពុងឈរជើងនៅលើប្រជុំកោះនៃមហាសមុទ្រឥណ្ឌា ដើម្បីនាំយកជំនួយសម្ភារយោធារបស់ទីក្រុងញូវដេលី ទៅឲ្យម៉ាល់ឌីវ និងការជួយដល់សកម្មភាពមនុស្សធម៌នៅក្នុងតំបន់។
ប៉ុន្តែ ប្រធានាធិបតី លោក Mohamed Muizzu ដែលឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន បានធ្លាប់សន្យាបញ្ចប់គោលនយោបាយដំបូងជាមួយឥណ្ឌា របស់ម៉ាល់ឌីវ ជាទីត្រូវបានគេមើលឃើញថា មានការប្រកួតប្រជែងឥទ្ធិពលគ្នារវាងឥណ្ឌា និងចិន៕

រូបភាពី AFP