(ហ្សាការតា)៖ កាលពីថ្ងៃអាទិត្យ ភ្នំភ្លើងឈ្មោះ Marapi នៅប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើងសាជាថ្មីម្តងទៀត ដោយជះដុំពពកផេះនិងផ្សែង ឡើងទៅលើផ្ទៃអាកាស កម្ពស់ប្រមាណ១,៣០០ម៉ែត្រពីកំពូលភ្នំ ខណៈការផ្ទុះនេះកើតមានឡើង នៅរយៈពេលត្រឹមតែ៦សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍ផ្ទុះមួយ ដែលបានបង្កឱ្យមានមនុស្សបាត់បង់ជីវិត។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារភូគព្ភសាស្រ្តឥណ្ឌូណេស៉ី បានប្រាប់ថា ភ្នំភ្លើងខាងលើដែលស្ថិតនៅ ខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) បានផ្ទុះយ៉ាងហោច២លើក កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា ហើយបានទទូចឱ្យប្រជាជនដែលរស់នៅ ក្នុងរយៈចម្ងាយ៤.៥គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃការផ្ទុះ នាំគ្នាជម្លៀសខ្លួនជាបណ្តោះអាសន្ន ទៅរកកន្លែងសុវត្ថិភាព ព្រោះវាអាចនឹងមានការហូរកម្អែភ្នំភ្លើងចុះមក។ ទីភ្នាក់ងារដដែល ក៏បានអំពាវនាវ​ឱ្យអ្នករស់នៅក្នុងតំបន់ គួរពាក់ម៉ាសការពារកម្ទេចផេះផងដែរ ដើម្បីទប់ស្កាត់ជំងឺផ្លូវដង្ហើម។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ មនុស្សជាង២០នាក់បានបាត់បង់ជីវិត បន្ទាប់ពីភ្នំភ្លើង Marapi ដែលជាភ្នំភ្លើងដ៏សកម្មបំផុតមួយ របស់​ប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើង ហើយជះពពកផេះនិងផ្សែង ឡើងកម្ពស់ប្រហែល៣គីឡូម៉ែត្រ ទៅលើផ្ទៃអាកាស។ កាលពីប៉ុន្មានថ្ងៃមុននេះ ភ្នំភ្លើងឥណ្ឌូណេស៉ីមួយទៀត ឈ្មោះ Lewotobi Laki-Laki ក៏បានផ្ទុះនៅកោះ Flores ផងដែរ ជាហេតុនាំឱ្យអាជ្ញាធរសម្រេចដំឡើង ការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត និងជម្លៀសប្រជាជនរាប់ពាន់នាក់។ ប្រទេសប្រជុំកោះ នៅអាស៉ីអាគ្នេយ៍មួយនេះ ស្ថិតក្នុងតំបន់គេហៅថា Pacific Ring of Fire ជាកន្លែងសម្បូរទៅដោយ ​សកម្មភាពភ្នំភ្លើងនិងរញ្ជួយផែនដី ហើយមានភ្នំភ្លើងសរុបទាំងអស់ជិត ១៣០៕

រូបភាពពី Reuters