(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលបាលិស្ទីគល្បឿនលឿនជាងសំឡេង (hypersonic) ដែលប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង និងប្រភេទរយៈចម្ងាយមធ្យម ខណៈវាជាសកម្មភាព ដែលត្រូវបានថ្កោលទោស ពីសំណាក់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។
KCNA បាននិយាយថា ការបាញ់មីស៉ីលខាងលើ មានគោលដៅធ្វើតេស្តសមត្ថភាពម៉ាស៉ីនរ៉ុក្កែតបច្ចេកវិទ្យាឥន្ធនៈរឹងថ្មី ព្រមទាំងក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង រយៈចម្ងាយមធ្យម ហើយការធ្វើតេស្តនោះ មិនបានបង្កការគំរាមកំហែងសន្តិសុខ ចំពោះប្រទេសជិតខាងឡើយ។ ទោះបែបនេះក្តី យោធាកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ រិះគន់ការសាកល្បងមីស៉ីលរបស់កូរ៉េខាងជើងថា ជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ហើយបានព្រមានថា ការបង្កហេតុដោយផ្ទាល់ពីកូរ៉េខាងជើង នឹងត្រូវតបស្នងត្រឡប់ទៅវិញ ជាមួយការឆ្លើយតបដ៏លើសលប់។
ការធ្វើតេស្តមីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង ដែលជាលើកដំបូងនៅក្នុងឆ្នាំនេះ ត្រូវបានថ្កោលទោសដោយ ក្រុមប្រេសិតនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដែលបាននិយាយក្រោយកិច្ចសន្ទនាតាមទូរស័ព្ទត្រីភាគីថា សកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង គឺជាឫសគល់នៃបញ្ហាអស្ថិរភាពនៅក្នុងតំបន់។ បើតាម KCNA ការបាញ់មីស៉ីលនេះ កើតមានឡើងក្នុងថ្ងៃតែមួយ ដែលប្រតិភូដឹកនាំដោយ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ដើម្បីឆ្ពោះទៅបំពេញទស្សនកិច្ចនៅរុស្ស៉ី បានចាកចេញពីទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា ស្ថានការណ៍វិវឌ្ឍន៍ទាំងនេះ គឺចំពេលដែលភាពតានតឹង រវាងប្រទេសកូរ៉េទាំងពីរកំពុងបន្តកើនឡើង ក្រោយការបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ជាបន្តបន្ទាប់ ដោយកូរ៉េខាងជើង និងការបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូង ទៅដាក់ក្នុងទីអវកាស ព្រមទាំងភាពស៉ីជម្រៅកាន់តែខ្លាំងទៅៗ នៃចំណងទាក់ទង រវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូ ដែលបានបង្កឱ្យទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តអាស៉ី មានក្តីព្រួយបារម្ភ៕
រូបភាពពី Reuters