(ឡុងដ៏)៖ នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានប្រកាសថានឹងបញ្ជូនបុគ្គលិកយោធាចំនួន ២០,០០០នាក់ ឲ្យមកធ្វើប្រតិបត្តិការនៅទូទាំងតំបន់អឺរ៉ុប សម្រាប់ការរៀបចំលំហាត់សមយុទ្ធដ៏ធំរបស់អង្គការណាតូ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ បូករួមទាំងនាវាចម្បាំង និងយន្តហោះចម្បាំងផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

សមយុទ្ធ Steadfast Defender 24 របស់អង្គការណាតូ ធ្វើឡើងដើម្បីប្រារព្ធខួប ៧៥ឆ្នាំនៃសម្ព័ន្ធភាពលោកខាងលិច។ កងទ័ពអង់គ្លេសចំនួន ១៦,០០០នាក់ នឹងត្រូវទៅឈរជើងនៅអឺរ៉ុបខាងកើត ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ព្រមជាមួយនិងកងនាវាផ្ទុកយន្តហោះចម្បាំង យន្តហោះបំបាំងកាយ F35B Lightning ក៏ដូចជាយន្តហោះឈ្លបយកការណ៍ផងដែរ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានបញ្ជាក់ថា «ចក្រភពអង់គ្លេសនឹងបញ្ជូនបុគ្គលិកយោធាប្រហែល ២០,០០០នាក់ ដើម្បីចូលរួមក្នុងការដាក់ពង្រាយដ៏ធំបំផុតមួយរបស់អង្គការណាតូ ចាប់តាំងពីចុងបញ្ចប់នៃសម័យសង្គ្រាមត្រជាក់»។ លោក Shapps បានបន្ថែមថា «គេនឹងបានឃើញកងកម្លាំងយោធារបស់យើង ចូលរួមជាមួយសមភាគីមកពីប្រទេសចំនួន ៣០នៃអង្គការណាតូ បូករួមទាំងស៊ុយអែត ក្នុងន័យផ្តល់នូវការធានាយ៉ាងសំខាន់ប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៉ី»។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តក្នុងអង្គការណាតូ បានបង្កើនចំនួនកងទ័ពដើម្បីត្រៀមលក្ខណៈប្រយុទ្ធ ចាប់តាំងពីរស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែននៅឆ្នាំ២០២២ ហើយបានបន្តគាំទ្រទីក្រុងកៀវនូវជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌៕

រូបភាពពី Reuters