(កូប៉ិនហាក)៖ ស្តេចដាណឺម៉ាក Frederik X បានឡើងសោយរាជ្យ នៅថ្ងៃអាទិត្យ (ទី១៤ មករា) នេះ ដោយបន្តពីព្រះមាតារបស់ព្រះអង្គ គឺព្រះមហាក្សត្រិយ៍ Margrethe II ដែលបានដាក់រាជ្យជាផ្លូវការ បន្ទាប់ពី ៥២ ឆ្នាំក្នុងឋានៈជាព្រះមហាក្សត្រ ដោយមានហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា នៅក្នុងរាជធានីដើម្បីធ្វើជាសាក្សីជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

អំឡុងព្រះរាជ្យសុន្ទរកថាអបអរថ្ងៃចូលឆ្នាំថ្មី ព្រះមហាក្សត្រិយ៍ Margrethe II ដែលមានព្រះជន្ម ៨៣ព្រះវស្សាបានធ្វើឱ្យប្រជាជាតិមានការភ្ញាក់ផ្អើល នៅពេលដែលព្រះអង្គទ្រង់បានប្រកាសពីព្រះរាជបំណងដាក់រាជ្យ។

ព្រះបរមរាជវាំងបាននិយាយថា ការស្នងរាជ្យបានក្លាយជាផ្លូវការនៅពេលដែលព្រះមហាក្សត្រិយ៍ Margrethe II ចុះហត្ថលេខាលើសេចក្តីប្រកាសអំពីការដាក់រាជ្យរបស់ព្រះអង្គ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋនៅក្នុងសភា។ ដាណឺម៉ាក ជា​អាណាចក្រ​ចំណាស់​បំផុត​មួយ​ក្នុង​ពិភពលោក ហើយមិនមានពិធីឡើងគ្រងរាជ្យទេ។

នៅក្រោមសីតុណ្ហភាពដ៏ត្រជាក់ មនុស្សរាប់ម៉ឺននាក់មកពីទូទាំងប្រទេសដាណឺម៉ាកបានមកជួបជុំគ្នានៅរាជធានី ដើម្បីធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍នានា ដែលជាសញ្ញានៃប្រជាប្រិយភាពដ៏ធំរបស់រាជាធិបតេយ្យ នៅក្នុងប្រទេសដែលមានប្រជាជនជិតប្រាំមួយលាននាក់នេះ។

គួរបញ្ជាក់ថា ព្រះមហាក្សត្រិយ៍នៃប្រទេសដាណឺម៉ាក Margrethe II បានក្លាយជាស្ដេចសោយរាជ្យយូរជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីព្រះមហាក្សត្រិយ៍ អង់គ្លេស Elizabeth ទី២ សោយទិវង្គតកាលពីខែកញ្ញា ឆ្នាំ២០២២ ហើយកាលពីខែកក្កដា ឆ្នាំដដែលព្រះអង្គក៏បានក្លាយជាស្ដេចដែលគ្រងរាជ្យបល្ល័ង្កយូរជាងគេ បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសដាណឺម៉ាក ផងដែរ៕