(គែរ)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអាទិត្យ (ទី១៤ មករា) បានអំពាវនាវឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន និងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ជាកន្លែងដែលសង្រ្គាមជាងមួយរយថ្ងៃមកនេះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
អ្នកការទូតកំពូលរបស់ចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគែ រជាមួយសមភាគីអេហ្ស៊ីប លោក Sameh Shoukry ដូច្នេះថា «ចាំបាច់ត្រូវតែបង្កើតរដ្ឋប៉ាឡេស្ទីនមួយដែលឯករាជ ដែលមានអធិបតេយ្យភាពពេញលេញនៅលើព្រំដែនឆ្នាំ ១៩៦៧ ដោយមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ប្រទេសនេះ»។
រដ្ឋមន្ត្រីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយជំរុញឱ្យបញ្ចប់ជាបន្ទាន់ចំពោះ «រាល់អំពើហឹង្សា ការសម្លាប់ និងការកំណត់គោលដៅលើជនស៊ីវិល និងគ្រឿងបរិក្ខារស៊ីវិល»។
លោក Shoukry និង Wang ក៏បានអំពាវនាវឱ្យមាន «កិច្ចប្រជុំកំពូលសន្តិភាពអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវ ទូលំទូលាយ និងយូរអង្វែងចំពោះបុព្វហេតុប៉ាឡេស្ទីន ដោយបញ្ចប់ការកាន់កាប់ (អ៊ីស្រាអែល) និងបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យផងដែរ»។
គួរបញ្ជាក់ថា លោក Wang កំពុងតែធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិក ជាទីដែលលោកនឹងទៅទស្សនកិច្ចនៅប្រទេសតូហ្គោ ទុយនីស៊ី និងកូតឌីវ័រផងដែរ។ តំបន់ហ្គាហ្សាស្ទ្រីប និងតំបន់វេសប៊ែងដែលជាផ្ទះរបស់អាជ្ញាធរប៉ាឡេស្ទីន ត្រូវបានបំបែកដោយទឹកដីអ៊ីស្រាអែល។ តំបន់ទាំងពីរត្រូវបានកាន់កាប់ ដោយអ៊ីស្រាអែលនៅក្នុងសង្គ្រាមប្រាំមួយថ្ងៃនៅឆ្នាំ ១៩៦៧៕