(កូប៉ិនហាក)៖ អាជ្ញាធរបាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគនិរតី នៃប្រទេសអ៊ីស្លង់កាលពីថ្ងៃអាទិត្យ (ទី១៤ មករា) ដោយបង្កការគំរាមកំហែងភ្លាមៗដល់ទីក្រុងនេសាទតូចមួយនៅក្បែរនោះ ប៉ុន្តែទោះជាយ៉ាងណា មិនមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ថ្បិតថាប្រជាជនត្រូវបានជម្លៀសចេញមុននេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅថ្ងៃទី១៤​ ខែមករា ឆ្នាំ២០២៤។

អាជ្ញាធរបានគូសបញ្ជាក់ថា ការផ្ទុះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអាទិត្យ ភាគខាងជើងនៃទីក្រុង Grindavik ដែលកាលពីថ្ងៃមុនត្រូវបានជម្លៀសជាលើកទីពីរក្នុងរយៈពេលមួយខែ ដោយសារការភ័យខ្លាចថាការផ្ទុះជិតកើតឡើង ចំពេលមានសកម្មកក្រើកឡើងវិញ។

ក្រសួងការពារជនស៊ីវិលបាននិយាយថា ឧទ្ធម្ភាគចក្រឆ្មាំឆ្នេរសមុទ្រត្រូវបានបញ្ជូន ដើម្បីវាយតម្លៃស្ថានភាព និងទីតាំងពិតប្រាកដ។ ការផ្ទុះចុងក្រោយនៅលើឧបទ្វីប បានចាប់ផ្តើមក្នុងប្រព័ន្ធបណ្តុំភ្នំភ្លើង Svartsinje នៅថ្ងៃទី ១៨ ខែធ្នូ បន្ទាប់ពីការជម្លៀសទាំងស្រុងនៃប្រជាជនក្នុងក្រុង Grindavik ដែលមានចំនួនប្រមាណ ៤,០០០នាក់ និងបានបិទរមណីយដ្ឋាន Blue Lagoon ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយម។

ប្រធានាធិបតីអ៊ីស្លង់ លោក Gudni Johannesson បាននិយាយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «ការផ្ទុះនេះមិនមានការរំខានដល់ជើងហោះហើរទេថា ហើយក៏មិនគ្រោះថ្នាក់ដល់ជីវិដែរ ទោះបីជាហេដ្ឋារចនាសម្ព័ន្ធអាចស្ថិតនៅក្រោមការគំរាមកំហែងក៏ដោយ»។

គួរបញ្ជាក់ថា នេះជាលើកទី៥ ហើយដែលភ្នំភ្លើងនៅឧបទ្វីបនេះបានចាប់ផ្តើមផ្ទុះឡើងវិញ ចាប់តាំងពីឆ្នាំ២០២១មក។ អាជ្ញាធរបាននិងកំពុងសាងសង់របាំងដី និងថ្មក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីព្យាយាមរារាំងកម្អែភ្នំភ្លើងមិនឱ្យទៅដល់ទីក្រុង Grindavik ដែលស្ថិតចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានី Reykjavik ប៉ុន្តែការផ្ទុះចុងក្រោយបំផុតនេះ ហាក់ដូចជាបានជ្រាបចូលទៅក្នុងតំបន់ការពាររបស់ទីក្រុង។

ប្រទេសអ៊ីស្លង់ស្ថិតនៅចន្លោះផ្លាកធំជាងគេពីរនៅលើផែនដី គឺផ្លាកអឺអាស៊ី និងអាមេរិកខាងជើង ហើយជាកន្លែងដែលកើតឡើងគ្រោះរញ្ជួយដី និងផ្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារតែផ្លាកទាំងពីរផ្លាស់ទីក្នុងទិសដៅផ្ទុយគ្នា៕