(​ប៉េកាំង)៖ ចិន នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះបាននិយាយថាខ្លួនមានការសោកស្ដាយជាខ្លាំង ចំពោះសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកស្ដីពីការបោះឆ្នោត សកលនៅតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្ញើសារអបអរសាទរជ័យជម្នះរបស់លោក Lai Ching-te។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការបរទេសចិន បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «សេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិក បានបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ធ្ងរ ចំពោះ កងកម្លាំងផ្ដាច់ខ្លួនដែលចង់ឱ្យតៃវ៉ាន់មានឯករាជ្យ។ យើងពិតជាសោកស្ដាយ ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងមួយនេះ»

គួរបញ្ជាក់ថា លទ្ធផលបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា បានបង្ហាញថា លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ DPP ដែលជាបក្សកាន់អំណាច តៃវ៉ាន់សព្វថ្ងៃ គឺជាអ្នកទទួលបានជ័យជម្នះ ខណៈគូប្រជែងរបស់លោកមកពីគណបក្សប្រឆាំងទាំង២ បានទទួលស្គាល់បរាជ័យ នៅចំពោះមុខក្រុមអ្នកគាំទ្រ របស់ពួកគេរៀងៗខ្លួន។

តាមលទ្ធផលបោះឆ្នោត លោក Lai Ching-te ទទួលបានសំឡេងគាំទ្រ ៤០.២ភាគរយ រីឯលោក Hou Yu-ih មកពីគណបក្សប្រឆាំង Kuomintang KMT ទទួលបានសំឡេងគាំទ្រ ៣៣.៤ភាគរយ ហើយលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ទទួលបានសំឡេងគាំទ្រ ២៦.៤ភាគរយ។ តាមរយៈជ័យជម្នះនេះ លោក Lai Ching-te នឹងត្រូវក្លាយជាមេដឹកនាំតៃវ៉ាន់ថ្មីជំនួសលោកស្រី Tsai Ing-wen ដែលត្រូវផុតអាណត្តិ ដោយលោកនឹងត្រូវ ស្បថចូលកាន់តំណែង នៅខែឧសភាខាងមុខ៕