(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចូលសមុទ្រខាងកើត នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ប៉ុន្មានថ្ងៃក្រោយទីក្រុងព្យុងយ៉ាងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរតំបន់ព្រំដែនទឹកកំពុងមានវិវាទជាមួយកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍ យោធាកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគមិនទាន់ស្គាល់ម៉ាកមួយគ្រាប់ឆ្ពោះទៅកាន់តំបន់ សមុទ្រខាងកើត ឬសមុទ្រជប៉ុន»។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទេ ខណៈឆ្មាំសមុទ្រជប៉ុនក៏បានអះអាងដែរពីការចាប់សញ្ញាថាមានវត្ថុមិនស្គាល់ អត្តសញ្ញាណដែលទំនងអាចជាមីស៊ីលបាលិស្ទីគ ត្រូវបានបាញ់ចេញពីកូរ៉េខាងជើង និងបានព្រមានឱ្យទូក ឬកប៉ាល់ទាំងអស់មានការប្រុងប្រយ័ត្ន។

គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើងគឺធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយនៅពេលនោះទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដ មីស៊ីលបាលិស្ទីគ ICBM ប្រើឥន្ធនៈរឹង Hwasong-18៕