(ហ្ស៊េរុយសាឡិម)៖ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បានចូលដល់ថ្ងៃទី១០០ហើយ នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ខណៈ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានប្ដេជ្ញាថាគ្មានរណាម្នាក់អាចបញ្ឈប់អ៉ីស្រាអែល មិនឱ្យកម្ទេចក្រុមហាម៉ាសបានឡើយ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ បានគូសបញ្ជាក់ ដូច្នេះថា «គ្មាននរណាម្នាក់អាចបញ្ឈប់ពួកយើងបានឡើយ ហើយមិនថាតុលាការឡាអេ សម្ព័ន្ធបិសាច ឬក៏នរណាក៏ដោយក៏មិនអាចបញ្ឈប់ពួកយើងបានដែរ»

ការលើកឡើងរបស់លោក Netanyahu ទៀតសោត ក៏ចង់សំដៅផងដែរលើរឿងក្ដីដែលអាហ្វិ្រកខាងត្បូងប្ដឹងអ៉ីស្រាអែល ឡើងតុលាការយុត្តិធម៌អន្តរជាតិ ជុំវិញការចោទប្រកាន់ថាអ៉ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា។ តែអ៉ីស្រាអែលបានច្រានចោល ការចោទប្រកាន់បែបនេះ។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ការវាយប្រហាររបស់អ៉ីស្រាអែលទាំងតាមជើងគោក និងអាកាស បានសម្លាប់មនុស្ស ២៣,៨៤៣នាក់ នៅក្នុងតំបន់ហ្កាហ្សា ក្នុងនោះភាគច្រើនជាជនស៊ីវិល ចាប់តាំងពីកងទ័ពអ៉ីស្រាអែលធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសដែលបានសម្លាប់មនុស្ស ១,១៤០នាក់ ក្នុងការវាយប្រហារលើភាគខាងត្បូងរបស់អ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ព្រមទាំងចាប់ខ្លួនមនុស្សជាច្រើននាក់ ជាចំណាប់ខ្មាំង៕

រូបភាពពី Reuters