(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យរបស់តៃវ៉ាន់នោះទេ បន្ទាប់ពីប្រជាជនតៃវ៉ាន់​បោះឆ្នោតជ្រើសរើសមនុស្សម្នាក់ដែលប៉េកាំងចាត់ទុកជាបន្លានៅក្នុងភ្នែក ជាមេដឹកនាំថ្មីរបស់ ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លទ្ធផលបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍ បានបង្ហាញថា លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ DPP ដែលជាបក្សកាន់អំណាច តៃវ៉ាន់សព្វថ្ងៃ គឺជាអ្នកទទួលបានជ័យជម្នះ ខណៈគូប្រជែងរបស់លោកមកពីគណបក្សប្រឆាំងទាំង២ បានទទួលស្គាល់បរាជ័យ នៅចំពោះមុខក្រុមអ្នកគាំទ្រ របស់ពួកគេរៀងៗខ្លួន។

តាមលទ្ធផលបោះឆ្នោត លោក Lai Ching-te ទទួលបានសំឡេងគាំទ្រ ៤០.២ភាគរយ រីឯលោក Hou Yu-ih មកពីគណបក្សប្រឆាំង Kuomintang KMT ទទួលបានសំឡេងគាំទ្រ ៣៣.៤ភាគរយ ហើយលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ទទួលបានសំឡេងគាំទ្រ ២៦.៤ភាគរយ។ តាមរយៈជ័យជម្នះនេះ លោក Lai Ching-te នឹងត្រូវក្លាយជាមេដឹកនាំតៃវ៉ាន់ថ្មីជំនួសលោកស្រី Tsai Ing-wen ដែលត្រូវផុតអាណត្តិ ដោយលោកនឹងត្រូវ ស្បថចូលកាន់តំណែង នៅខែឧសភាខាងមុខ។

ជុំវិញការបោះឆ្នោតនៅតៃវ៉ាន់នេះដែរ នៅពេលត្រូវបានសាកសួរថាតើលោកមានប្រតិកម្មបែបណា? លោក ចូ បៃដិន បានបញ្ជាក់យ៉ាងខ្លីថា «យើងមិនគាំទ្រ ឯករាជ្យ (របស់តៃវ៉ាន់) នោះទេ»។ តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានផ្ញើសារអបអរសាទរជ័យជម្នះរបស់ លោក Lai ហើយថាអាមេរិក មានការប្ដេជ្ញាក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ រួមទាំងការដោះស្រាយ ការខ្វែងគំនិតគ្នាដោយសន្តិវិធី មិនមានការសម្លុតគំរាម និងការដាក់សម្ពាធ។

គួរបញ្ជាក់ថា បើតាមលោក Antony Blinken សហរដ្ឋអាមេរិក កំពុងសម្លឹងមើលការធ្វើការជាមួយលោក Lai Ching-te ក៏ដូចជាមេដឹកនាំ គណបក្សនយោបាយទាំងអស់របស់តៃវ៉ាន់ ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងក្រៅផ្លូវការដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ អនុលោមតាម «គោលនយោបាយចិនតែមួយ» របស់សហរដ្ឋអាមេរិក៕

រូបភាពពី Reuters