(ប៉េកាំង)៖ ចិនបានបញ្ជាក់ឡើងវិញថាការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ គឺនៅតែជារឿងចៀសមិនរួច បន្ទាប់ពីលោក Lai Ching-te មកពីគណបក្ស កាន់អំណាចនៅតៃវ៉ាន់សព្វថ្ងៃ ជាប់ឆ្នោតជាមេដឹកនាំថ្មីនៃដែនកោះមួយនេះដែលត្រូវបានប៉េកាំងចាត់ទុកថាជាខេត្តមួយរបស់ខ្លួន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤។

លោក Lai Ching-te ដែលត្រូវបានចិនចាត់ទុកថាជាជនបំផ្លាញសន្តិភាព បានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា ហើយនេះក៏ជាលើកទីមួយដែរ ដែលតៃវ៉ាន់នឹងមានមេដឹកនាំថ្មីមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ៣អាណត្តិជាប់ៗគ្នា។ ប៉ុន្តែ ក្រោយ ការប្រកាសពីជ័យជម្នះរបស់លោក Lai អ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់ លោក Chen Binhua បានលើកឡើងថាលទ្ធផល នៃការបោះឆ្នោតនឹងមិនអាចបង្អាក់ ឬបំផ្លាញដល់ការបង្រួបបង្រួមជាតិរបស់ចិននោះទេ។ មិនតែប៉ុណ្ណោះ បើតាមលោក Chen លទ្ធផលបោះឆ្នោតបាន បង្ហាញថា DPP ក៏មិនអាចតំណាងឱ្យសាធារណៈមតិរបស់តៃវ៉ាន់ទាំងមូលនោះដែរ ខណៈចិនប្រឆាំងដាច់ខាតទៅនឹងសកម្មភាពឧទ្ទាមដែលចង់នាំតៃវ៉ាន់ ទៅរកឯករាជ្យ រួមទាំងការលូកលាន់ពីបរទេស។

គួរបញ្ជាក់ថា នៅក្នុងសារចូលឆ្នាំសកលកន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏បានគូសបញ្ជាក់ដែរថាការបង្រួបបង្រួមជាតិរវាងចិន និងតៃវ៉ាន់ គឺជារឿងចៀសមិនរួច។ ចំណែក លោក Lai Ching-te វិញបានអះអាងថាលោកនឹងការពារស្ថានភាពដើម ហើយតៃវ៉ាន់ត្រូវការកិច្ចសន្ទនាជាមួយចិន ប៉ុន្តែព្រមពេលជាមួយគ្នាលោកនឹងការពារដែនកោះមួយនេះពីអ្វីដែលលោកហៅថាជាការសម្លុតគំរាមពីចិន៕

រូបភាពពី Reuters