(កៀវ)៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក Stephane Sejourne បានសន្យាបន្តគាំទ្រអ៊ុយក្រែន និងការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មការពារជាតិ នៅពេលទៅដលើទីក្រុងកៀវ នៅថ្ងៃសៅរ៍នេះ ដែលជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកក្រោយចូលកាន់តួនាទីក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។
ក្នុងសន្និសីទសារព័ត៌មាននៅកណ្តាលរដ្ឋធានីអ៊ុយក្រែន លោក Sejourne បាននិយាយថា «រុស្ស៉ីរំពឹងថាអ៊ុយក្រែន ក៏ដូចជាអ្នកគាំទ្រនឹងចុះខ្សោយ នៅចំពោះមុខពួកគេ ដូចនេះយើងនឹងមិនត្រូវទន់ខ្សោយឡើយ»។ លោក Sejourne បានបន្ថែមថា នឹងខិតខំដោះស្រាយបញ្ហាច្បាប់របស់សហភាពអឺរ៉ុប ក៏ដូចជាបញ្ហាទ្វេភាគី ដើម្បីជួយឲ្យក្រុមហ៊ុនបារាំងអាចបង្កើតទីតាំផលិតសម្ភារយោធាបន្ថែមទៀតនៅអ៊ុយក្រែន។
ចំណែក រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានគូសបញ្ជាក់ថា «ខ្ញុំសូមអរគុណចំពោះភាគីជាមិត្តដែលមិនព្រមបញ្ឈប់ដំណើររបស់ខ្លួន ដោយសារតែការវាយប្រហារមីស៉ីលទ្រង់ទ្រាយធំរបស់រុស្ស៉ី»។ លោក Kuleba បានឲ្យដឹងថា ក្រុមហ៊ុនក្នុងវិស័យការពារជាតិអ៊ុយក្រែន និងបារាំងមួយចំនួនមានព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរួចហើយ តែក៏អំពាវនាវឲ្យបារាំងបង្កើតមូលដ្ឋានផលិតនៅអ៊ុយក្រែនតែម្តង។
គួរបញ្ជាក់ថា បន្ទាប់ពីទីក្រុងកៀវ លោក Sejourne នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងបែរឡាំង និងទីក្រុងវ៉ាសូវី សម្រាប់ការចូលរួមវេទិកាពិភាក្សាក្រៅផ្លូវការ រវាងបារាំង អាល្លឺម៉ង់ និងប៉ូឡូញ៕
រូបភាពពី AFP