(តៃប៉ិ)៖ លទ្ធផលបោះឆ្នោតសកល នៅថ្ងៃសៅរ៍ ទី១៣ ខែមករានេះ បានឱ្យដឹងថា លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ DPP ដែលជាបក្សកាន់អំណាចតៃវ៉ាន់សព្វថ្ងៃ គឺជាអ្នកទទួលបានជ័យជម្នះ ខណៈគូប្រជែងរបស់លោកមកពីគណបក្សប្រឆាំងទាំង២ បានទទួលស្គាល់បរាជ័យ នៅចំពោះមុខក្រុមអ្នកគាំទ្ររបស់ពួកគេរៀងៗខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមលទ្ធផលបោះឆ្នោតរាប់បាន ៩៨ភាគរយ ចេញពីការិយាល័យបោះឆ្នោតនៅទូទាំងកោះតៃវ៉ាន់ លោក Lai Ching-te ទទួលបានសំឡេងគាំទ្រ ៤០.២ភាគរយ រីឯលោក Hou Yu-ih មកពី គណបក្សប្រឆាំង Kuomintang KMT ទទួលបានសំឡេងគាំទ្រ ៣៣.៤ភាគរយ ហើយលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ទទួលបានសំឡេងគាំទ្រ ២៦.៤ភាគរយ។ តាមរយៈជ័យជម្នះនេះ លោក Lai Ching-te នឹងត្រូវក្លាយជាមេដឹកនាំតៃវ៉ាន់ថ្មីជំនួសលោកស្រី Tsai Ing-wen ដែលត្រូវផុតអាណត្តិ ដោយលោកនឹងត្រូវស្បថចូលកាន់តំណែង នៅខែឧសភាខាងមុខ។

* តើលោក Lai Ching-te ជានរណា?

លោក Lai Ching-te ឬគេស្គាល់ថា William Lai គឺជាបេក្ខជនមេដឹកនាំតៃវ៉ាន់ និងជាមេដឹកនាំរង (អនុប្រធានធិបតី) ម្នាក់មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ DPP ដែលជាបក្សកាន់អំណាច តៃវ៉ាន់សព្វថ្ងៃរបស់លោកស្រី Tsai Ing-wen ។ លោក Lai បច្ចុប្បន្នក៏ជាប្រធានគណបក្ស DPP ផងដែរ។ លោក Lai Ching-te កើតនៅឆ្នាំ១៩៥៩ នៅក្នុងស្រុក Wanli នៃទីក្រុង New Taipei និងមានឪ​ពុកជាកម្មកររ៉ែធ្យូងថ្ម។ លោកទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ National Taiwan University និងសញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រមកពីសាកលវិទ្យាល័យ National Cheng Kung University។ ក្រោយមកទៀត លោកទទួលបានសញ្ញាបត្រអនុបណ្ឌិតសុខាភិបាលសាធារណៈមកពីសាកលវិទ្យាល័យ Harvard ដែលនេះបានធ្វើឱ្យរូបលោកស្ថិតនៅក្នុង ចំណោមអ្នកជំនាញសុខាភិបាលសាធារណៈល្បីៗនៅតៃវ៉ាន់។

ក្នុងឆ្នាំ១៩៩៤ ជាពេលដែលលោកមានតួនាទីជាប្រធានម្នាក់នៅឯមន្ទីរពេទ្យសាកលវិទ្យាល័យ National Cheng Kung University Hospital ហើយតៃវ៉ាន់រៀបចំការបោះឆ្នោតដោយផ្ទាល់ ជាលើកដំបូងរបស់ខ្លួន ដើម្បីជ្រើសរើសអភិបាលក្រុង លោក Lai Ching-te បានចាប់ផ្ដើមចូលរួមក្នុងកិច្ចការសាធារណៈ និងនយោបាយបន្តិចម្ដងៗ ក្នុងនាមជាប្រធានសមាគមគ្រូពេទ្យទីក្រុង Tainan។

រហូតដល់នៅអំឡុងវិបត្តិច្រកសមុទ្រតៃវ៉ាន់ឆ្នាំ១៩៩៦ ទើបរូបលោកបានបោះបង់ចោលអាជីពជាគ្រូពេទ្យ ដើម្បីប្រឡូកចូលក្នុងឆាកនយោបាយ។ លោក Lai បានក្លាយជាតំណាងរាស្ត្រតៃវ៉ាន់ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ និងធ្លាប់ជាអតីត ចៅហ្វាយក្រុងដ៏មានប្រជាប្រិយភាពនៃទីក្រុង Tainan ស្ថិតនៅភាគខាងត្បូងតៃវ៉ាន់។

លោក Lai ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីសំណាក់អ្នកដែលមានជំហរតឹងរ៉ឹងគាំទ្រឯករាជ្យភាពតៃវ៉ាន់។ តែកន្លងមក លោកក៏ធ្លាប់មានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមអ្នកបោះឆ្នោត មាន និន្នាការកណ្ដាលនិយមផងដែរ។ លោក Lai ជាមនុស្សម្នាក់ដែលចិនចាត់ទុកជាបន្លារក្នុងភ្នែក ដ្បិតលោកធ្លាប់ចាត់ទុកខ្លួនឯងជា «អ្នកធ្វើការដ៏ពិតប្រាកដម្នាក់ដើម្បីឯករាជ្យភាពរបស់តៃវ៉ាន់»។ ប៉ុន្តែ អនាគតមេដឹកនាំតៃវ៉ាន់ថ្មីរូបនេះបានអះអាងថាលោករក្សាស្ថានភាពដើមនៅតៃវ៉ាន់ ដោយនឹងមិនប្ដូរឈ្មោះផ្លូវការរបស់តៃវ៉ាន់ គឺសាធារណរដ្ឋចិននោះទេ ហើយនឹងដើរតាមគោលនយោបាយរបស់ លោកស្រី Tsai ដោយមិនបង្ករឿងជាមួយចិន តែក៏មិនចុះញមនឹងសម្ពាធពីចិននោះដែរ៕

រូបភាពពី Reuters