(អង់ការ៉ា)៖ នៅថ្ងៃសៅរ៍នេះ ក្រសួងការពារជាតិតួកគី បានប្រកាសពីការសម្លាប់សមាជិក ២០នាក់នៃក្រុមគណបក្សពលករឃឺដ (PKK) ដោយការវាយប្រហារតាមផ្លូវអាកាសលើភាគខាងជើងអ៉ីរ៉ាក់ និងបានបំផ្លាញគោលដៅចំនួន ២៩កន្លែង បន្ទាប់ពីទាហានតួកគីត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាមួយកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម X ក្រសួងបានក្រសួងការពារជាតិតួកគី បញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសត្រូវបានធ្វើឡើងនៅក្នុងតំបន់ Hakurk, Metina, Gara និង Qandil ដែលស្ថិតនៅភាគខាងជើងអ៉ីរ៉ាក់ ដោយកំគោលដៅលើរូងភ្នំ លេណដ្ឋាន ទីជម្រក និងកន្លែងស្តុកប្រេង។ ប្រតិបត្តិការ​នេះ​បានសម្លាប់សមាជិក ២០ នាក់​របស់ PKK នៅក្នុង​តំបន់។

គួរបញ្ជាក់ថា ទាហានតួកគីចំនួន ៩បានស្លាប់ និង៤នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុម PKK នៅភាគខាងជើងអ៉ីរ៉ាក់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ កងកម្លាំងតួកគីនិងកំពុងធ្វើប្រតិបត្តិការឆ្លងព្រំដែនហៅថា «Claw-Lock» នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាផ្នែកមួយនៃការវាយលុកប្រឆាំងនឹង PKK ដែលតួកគីចាត់ទុកថាជាក្រុមភេវករ៕

រូបភាពពី Reuters