(តៃប៉ិ)៖ លោក Lai Ching te ដែលជាបេក្ខភាពមេដឹកនាំសម្រាប់គណបក្សកាន់អំណាចរបស់តៃវ៉ាន់ បាននាំមុខគេក្នុងការរាប់សន្លឹកឆ្នោតដំបូង នៅថ្ងៃសៅរ៍នេះ ដែលអាចធ្វើឲ្យលោកឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។
ខណៈការរាប់សន្លឹកឆ្នោតកំពុងដំណើរការនៅឡើយ Taiwanese media បានរាយការណ៍ថា លោក Lai មេដឹកនាំរងតៃវ៉ាន់ ទទួលបានសំលេងឆ្នោតច្រើនជាង ៣លានសំលេង ក្រោយការបោះឆ្នោតបិទបញ្ចប់នៅវេលាម៉ោង ៤រសៀលថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់)។ ចំណែកលោក Hou Yu-ih មកពីគណបក្ស Kuomintang ដែលជាបក្សប្រឆាំងធំបំផុតនៅតៃវ៉ាន់ តាមពីក្រោយ លោក Lai ដោយមានសំលេងគាំទ្រប្រហែល ២.៧លានសំលេង ខណៈដែល លោក Ko Wen je មកពីគណបក្សប្រជាជនតៃវ៉ាន់ មានតែជាង ២លានសំលេងប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការបោះឆ្នោតមេដឹកនាំតៃវ៉ាន់ បានចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹកថ្ងៃសៅរ៍នេះ ជាមួយនិងអ្នកមានសិទ្ធិបោះឆ្នោតចំនួន ១៩.៥៤លាននាក់។ ក្រៅពីនេះ តៃវ៉ាន់ក៏នឹងត្រូវធ្វើការបោះឆ្នោតជ្រើសរើសសមាជិកសភាសម្រាប់អាណត្តិថ្មីដែលមានសារៈសំខាន់ដូចគ្នាផងដែរ ជាពិសេសក្នុងករណីដែលគ្មានគណបក្សណាមួយឈ្នះសំលេងភាគច្រើន ដែលអាចរារាំងសមត្ថភាពអនាគតមេដឹកនាំថ្មីក្នុងការអនុម័តច្បាប់ និងការចំណាយនានា៕
រូបភាពពី Reuters