(តៃប៉ិ)៖ នារសៀលថ្ងៃសៅរ៍នេះ ដំណើរការរាប់សន្លឹកឆ្នោតបានចាប់ផ្តើមហើយ សម្រាប់ការបោះឆ្នោតសកលនៅកោះតៃវ៉ាន់ ដែលត្រូវបានចិនចាត់ទុកជា ការជ្រើសរើសរវាងសង្រ្គាមនិងសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។
បន្ទាប់ពីបើកទ្វារអស់រយៈពេល៨ម៉ោង កាលពីម៉ោង៨ព្រឹកថ្ងៃសៅរ៍នេះ មណ្ឌលបោះឆ្នោតនៅទូទាំងកោះតៃវ៉ាន់ បានបិទទ្វារទៅវិញនៅម៉ោង៤រសៀលថ្ងៃដដែល (ម៉ោងក្នុងទីក្រុងតៃប៉ិ) ដើម្បីចាប់ផ្តើមដំណើរការរាប់សន្លឹកឆ្នោត។ ប្រជាជនតៃវ៉ាន់សរុបប្រមាណជា១៩.៥៤លាននាក់ មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតសកលនេះ ដើម្បីជ្រើសរើសមេដឹកនាំ ក៏ដូចជាដើម្បីជ្រើសរើសមាជិកសភា អាណត្តិថ្មី។ សម្រាប់លទ្ធផលនៃការបោះជ្រើសរើសមេដឹកនាំ គួរតែនឹងអាចដឹងច្បាស់នៅយប់ថ្ងៃដដែលនេះតែម្តង នៅពេលអ្នកចាញ់ទទួលស្គាល់បរាជ័យ ហើយអ្នកឈ្នះចេញថ្លែងសុន្ទរកថាអបអរជ័យជម្នះរបស់ខ្លួន។
កោះតៃវ៉ាន់ត្រូវបានចិនចាត់ទុកជា ផ្នែកមិនអាចកាត់ផ្តាច់បាននោះឡើយនៃទឹកដីរបស់ខ្លួន។ គណបក្សកាន់អំណាចតៃវ៉ាន់ គឺគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ហៅកាត់ DPP ដែលគាំទ្រអត្តសញ្ញាណតៃវ៉ាន់ដាច់ដោយឡែកពីចិន និងបដិសេធការអះអាងអធិបតេយ្យរបស់ចិន មកលើដែនកោះនេះ កំពុងព្យាយាមស្វែងរកការបន្តទទួលជ័យជម្នះ សម្រាប់អាណត្តិទី៣ តាមរយៈបេក្ខជនរបស់ខ្លួន គឺលោក Lai Ching-te ដែលជាមេដឹកនាំរងបច្ចុប្បន្នរបស់តៃវ៉ាន់។ សម្រាប់មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen គឺមិនអាចបន្តឈរឈ្មោះបានតទៅទៀតទេ ក្រោយកាន់អំណាចបានគ្រប់ពីរអាណត្តិ ចាប់តាំងតែពីឆ្នាំ២០១៦មក។
ទីក្រុងប៉េកាំងបានប្តេជ្ញាយ៉ាងមុតមាំថា នឹងបង្រួបបង្រួមគ្នាជាមួយតៃវ៉ាន់វិញ នៅថ្ងៃណាមួយ ទោះត្រូវប្រើកម្លាំងយោធាក៏ដោយ។ លោក Lai Ching-te ត្រូវបានចិនថ្កោលទោស ជាបុគ្គលប៉ុនប៉ងចង់បំបែករដ្ឋ និងជាបុគ្គលដ៏គ្រោះថ្នាក់។ យ៉ាងណាមិញ លោក Lai បាននិយាយថា រូបលោកប្តេជ្ញារក្សាការពារសន្តិភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយនឹងបន្តពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់។
គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំខាងលើ លោក Lai ដែលជាបេក្ខជនមានសំឡេងប្រជាប្រិយភាពនាំមុខគេ យោងតាមលទ្ធផលស្ទង់មតិនាពេលកន្លងនេះ ត្រូវប្រឈមមុខជាមួយគូប្រជែងពីររូបទៀត គឺលោក Hou Yu-ih ដែលមកពីបក្សប្រឆាំងធំជាងគេគឺ Kuomintang (KMT) ហើយនិងអតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ដែលជាគណបក្សតូចមួយ ទើបបង្កើតឡើងកាលពីឆ្នាំ២០១៩ ប៉ុន្តែមានសំឡេងគាំទ្រច្រើនគួរសម ជាពិសេសក្នុងចំណោមយុវជន៕
រូបភាពពី Reuters