(មូស្គូ)៖ មន្រ្តីជំនិតជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានចេញមុខព្រមានធ្ងន់ៗថា ទីក្រុងមូស្គូនឹងចាត់ទុក សកម្មភាពណាមួយរបស់ចក្រភពអង់គ្លេស ក្នុងការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ជាការប្រកាសសង្រ្គាមប្រឆាំងប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។

អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev ដែលឥឡូវមានតួនាទីជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសរុស្ស៉ី បានធ្វើសេចក្តីអត្ថាធិប្បាយដូចខាងលើ ជាការឆ្លើយតបចំពោះដំណើរបំពេញទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Rishi Sunak ទៅកាន់ទីក្រុងកៀវក្នុងថ្ងៃដដែលនោះ ដើម្បីប្រកាសបង្កើនការផ្តល់ជំនួយយោធា ក្រោមគោលដៅជួយអ៊ុយក្រែន ទិញដ្រូនយោធាថ្មីៗបន្ថែមទៀត។ លោក Medvedev បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមចក្រភពអង់គ្លេសអាចយល់ច្បាស់ថា ការដាក់ពង្រាយកងទ័ពណាមួយទៅ​អ៊ុយក្រែន នឹងមានន័យស្មើការប្រកាសសង្រ្គាមប្រឆាំងប្រទេសរបស់យើង»

គួរបញ្ជាក់ថា លោក Dmitry Medvedev ធ្លាប់តាំងខ្លួនជាអ្នកសេរីនិយមជឿនលឿនមួយរូប នៅពេលដែលរូបលោកកាន់តំណែងជា ​ប្រធានាធិបតីរុស្ស៉ីចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ប៉ុន្តែនាពេលឥឡូវនេះវិញ លោក Medvedev គឺជាមន្រ្តីជាន់ខ្ពស់វិមានក្រឹមឡាំងម្នាក់ ដែលតែងតែចេញមុខប្រើពាក្យសម្តីនិងការព្រមានធ្ងន់ៗ ប្រឆាំងនឹងក្រុមប្រទេសលោកខាងលិច ជាពិសេសចាប់តាំងពីសង្រ្គាមឈ្លានពាន​របស់រុស្ស៉ីនៅអ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕

រូបភាពពី Reuters