(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បណ្តាក្រុមហ៊ុនអាកាសចរណ៍នៅសហរដ្ឋអាមេរិក បានសម្រេចចិត្តលុបចោលជើងហោះហើរសរុបច្រើនជាង២,០០០ជើង បន្ទាប់ពីព្យុះរដូវរងាយ៉ាងធំមួយ បានបង្កឱ្យដាច់បណ្តាញចរន្តអគ្គិសនី និងប៉ះពាល់ដល់អាជីវកម្មនៅក្នុងរដ្ឋសរុបចំនួន១២ ខណៈអាកាសធាតុត្រូវបានព្យាករថា នឹងចុះត្រជាក់កាន់តែខ្លាំងអំលុងចុងសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។
ទិន្នន័យពីវែបសាយតាមដានជើងហោះហើរពិភពលោក FlightAware បានបង្ហាញឱ្យឃើញថា ជើងហោះហើរសរុបចំនួន២,០៥៨ជើង ត្រូវបានលុបចោល ហើយចំនួន៥,៨៤៦ជើងផ្សេងទៀត ត្រូវបានពន្យារពេលកាលពីថ្ងៃសុក្រ នៅទូទាំងសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ ក្រុមហ៊ុនអាកាសចរណ៍ ដែលបានលុបចោលជើងហោះហើរច្រើនជាងគេ គឺ Southwest Airlines (៤០១ជើង) ហើយបន្ទាប់គឺ SkyWest (៣៥៨ជើង)។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋបាលអាកាសចរណ៍ស៉ីវិលអាមេរិក FAA បានចេញសារព្រមានថា ដុំពពក ព្រិល និងសម្ពាធខ្យល់ អាចនឹងពន្យារពេលជើងហោះហើរ នៅតាមអាកាសយានដ្ឋានមួយចំនួន។
គួរបញ្ជាក់ថា ព្យុះរដូវរងាកំពុងគ្របដណ្តប់លើផ្នែកជាច្រើនរបស់សហរដ្ឋអាមេរិក ខណៈបើយោងតាមព្យាកររបស់អាជ្ញាធរឧតុនិយមអាមេរិក អាកាសធាតុបែបនេះ ទំនងជានឹងបន្តពេញមួយសប្តាហ៍នេះ ហើយសីតុណ្ហាភាពកាន់តែចុះត្រជាក់ខ្លាំង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងលើតំបន់ភាគខាងកើត និងព្រិលកម្រាស់ក្រាស់លើតំបន់ Pacific Northwest របស់សហរដ្ឋអាមេរិក៕
រូបភាពពី Reuters