(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានឱ្យដឹងកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសមួយផ្សេងទៀត ទៅលើពួកឧទ្ទាមហ៊ូទី (Houthi) នៅក្នុងប្រទេសយេម៉ែន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកមួយនេះ បានព្រមានថានឹងនៅតែបន្តវាយប្រហារលើ កប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។
ការវាយប្រហារតាមផ្លូវអាកាសខាងលើ កើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ក្រោយការវាយប្រហារសរុបរាប់សិបលើក ដោយកងម្លាំងអាមេរិករួមជាមួយចក្រភពអង់គ្លេស ទៅលើមូលដ្ឋានផ្សេងៗរបស់ក្រុម Houthi។ យោធាអាមេរិក បានប្រាប់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងអាមេរិក បានបើកការវាយប្រហារប្រឆាំងទីតាំងប្រព័ន្ធរ៉ាដាក្រុម Houthi មួយកន្លែង នៅខ្ទង់ម៉ោង៣៖៤៥នាទីរំលងអធ្រាត្រ ថ្ងៃសៅរ៍នេះ (ម៉ោងនៅយេម៉ែន) ខណៈការវាយប្រហារតាមផ្លូវអាកាសនោះ គឺជាការធ្វើសកម្មភាពបន្តលើគោលដៅយោធាមួយ ពាក់ព័ន្ធគ្នាជាមួយការវាយប្រហារកាលពីមួយថ្ងៃមុន។
គួរបញ្ជាក់ថា នៅចំពោះមុខក្តីបារម្ភកាន់តែខ្លាំង អំពីការរីករាលដាលជម្លោះនៅក្នុងតំបន់ យន្តហោះចម្បាំង នាវាចម្បាំង និងនាវាមុជទឹក របស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបាញ់មីស៉ីលនិងទម្លាក់គ្រាប់បែក ប្រឆាំងគោលដៅនៅពាសពេញទឹកដីយេម៉ែន ដែលស្ថិតក្រោមការត្រួតត្រារបស់ Houthi។ ក្រុមឧទ្ទាមនេះ ចាត់ទុកសកម្មភាពខ្លួននៅសមុទ្រក្រហម ជាការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងរងគ្រោះដោយសារសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសនៅឯតំបន់ Gaza Strip។
ទោះបីក្រុម Houthi បានព្រមានសងសឹកវិញក៏ដោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានកាលពីថ្ងៃសុក្រថា លោកអាចបញ្ជាឱ្យមានការវាយប្រហារបន្ថែមទៀត ប្រសិនបើពួកគេនៅតែមិនបញ្ឈប់ការវាយប្រហារ លើកប៉ាល់ពាណិជ្ជកម្មនិងយោធា នៅសមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយរបស់ពិភពលោកទេនោះ៕
រូបភាពពី Reuters