(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសុក្រ (ពេលវេលានៅអាមេរិក) បានស្នើឱ្យទីក្រុងប៉េកាំង រក្សាស្ថិរភាពត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ អំឡុងជំនួបពិភាក្សាជាមួយ មន្រ្តីជាន់ខ្ពស់ចិនមួយរូប ខណៈដែលប្រជាជនកោះតៃវ៉ាន់ ចាប់ផ្តើមបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។
លោក Blinken ដែលត្រឡប់មកដល់ទីក្រុងវ៉ាស៉ីនតោនវិញមួយភ្លែត ក្រោយការបំពេញទស្សនកិច្ចវិបត្តិមជ្ឈិមបូព៌ា មុនត្រូវចេញដំណើរទៅចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស បានឆ្លៀតឱកាសទទួលជួបពិភាក្សាជាមួយលោក Liu Jianchao ប្រធានកិច្ចការអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ស្តីពីជំនួបខាងលើយ៉ាងដូច្នេះថា «ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយភាពស្ថាបនា លើបញ្ហាទ្វេភាគី បញ្ហាក្នុងតំបន់ និងបញ្ហាសកល ជាច្រើន ក្នុងនោះរួមមានទាំងចំណុចដែលអាចនឹងបង្កើនកិច្ចសហប្រតិបត្តិការ ហើយនិងចំណុចដែលមានការខ្វែងគំនិតគ្នា។ នាឱកាសនោះ លោក Blinken បានសង្កត់ធ្ងន់ជាថ្មី នូវសារសំខាន់ក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជានៅតំបន់សមុទ្រចិនខាងត្បូង»។
គួរបញ្ជាក់ថា តៃវ៉ាន់ដែលត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន កំពុងដំណើរការបោះឆ្នោតរើសមេដឹកនាំនិងសភា នាថ្ងៃសៅរ៍នេះ ដោយទីក្រុងប៉េកាំងចាត់ទុក បេក្ខជនមានសំឡេងប្រជាប្រិយភាពនាំមុខគេ គឺលោក Lai Ching-te មកពីគណបក្សកាន់អំណាចបច្ចុប្បន្ន ជាបុគ្គលដ៏គ្រោះថ្នាក់ ដោយសារតែពាក្យសម្តីរបស់លោកកន្លងមក ពាក់ព័ន្ធទៅនឹងបញ្ហាឯករាជ្យតៃវ៉ាន់។ លោក Lai បានប្តេជ្ញារក្សាការពារសន្តិភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយនឹងបន្តពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់៕
រូបភាពពី Reuters