(ការទូម)៖ ការប្រយុទ្ធគ្នារវាងកងកម្លាំងស៊ូដង់ដែលជាគូប្រជែង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រួមទាំងការវាយប្រហារតាមអាកាសលើរដ្ឋធានី Khartoum បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៣៣ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

ប្រទេសស៊ូដង់កំពុងជាប់គាំងក្នុងសង្គ្រាមជិតប្រាំបួនខែមកហើយ ដែលបានផ្ទុះឡើងរវាងកងទ័ពជាតិស៊ូដង់ របស់លោក Abdel Fattah al-Burhan និងកងកម្លាំងគាំទ្ររហ័សរបស់ (RSF) លោក Mohamed Hamdan Dagalo ។ សង្គ្រាមនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១២,១៩០ នាក់ ហើយអង្គការសហប្រជាជាតិនិយាយថា មនុស្សជាងប្រាំពីរលាននាក់ត្រូវបានផ្លាស់ទីលំនៅ។

ក្រុមមេធាវីសង្គ្រោះបន្ទាន់បាននិយាយថា ជនស៊ីវិល ២៣ នាក់ទៀតត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងការវាយប្រហារតាមអាកាសលើតំបន់ Soba ភាគខាងត្បូងនៃទីក្រុង Khartoum។ ប្រភពដដែលបានបញ្ជាក់ថា មនុស្ស១០នាក់ផ្សេងទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកាំភ្លើងធំនៅភាគខាងត្បូងទីក្រុង Khartoum ផងដែរ។

ក្រុមក្នុងស្រុកដែលគេស្គាល់ថាជា «គណៈកម្មាធិការតស៊ូ» បានរាយការណ៍ពីការស្លាប់ដូចគ្នាដោយនិយាយថា «ជនស៊ីវិល ១០ នាក់ត្រូវបានសម្លាប់ ដោយការបាញ់កាំភ្លើងធំនៅក្នុងតំបន់លំនៅដ្ឋាន និងទីផ្សារក្នុងស្រុក។

គួរបញ្ជាល់ថា ចំណុចកណ្តាលនៃសង្រ្គាមដែលបានផ្ទុះឡើងកាលពីពាក់កណ្តាលខែមេសា បានចាប់ផ្តើមពីរដ្ឋធានីស៊ូដង់ ហើយវាបានរាលដាលទៅភាគខាងត្បូងប្រទេស ហើយថ្មីៗនេះបានទៅដល់រដ្ឋ Gezira ដែលមានមនុស្សរាប់សែននាក់បានភៀសខ្លួន។ កងកម្លាំងគាំទ្ររហ័សរបស់លោក Daglo (RSF) គ្រប់គ្រងតាមដងផ្លូវ នៃរដ្ឋធានីដែលហែកហួរដោយសង្រ្គាម ខណៈរដ្ឋបាលលោក Burhan នៅតែចេញសេចក្តីថ្លែងការណ៍ក្នុងនាមរដ្ឋាភិបាលស៊ូដង់៕

 

រូបភាពពី AFP