(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្រោមការគំាទ្រពីអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករានេះ បានដឹកនាំការវាយប្រហារ តាមផ្លូវអាកាសដោយកំណត់គោលដៅលើមូលដ្ឋានជាច្រើនកន្លែង នៅក្នុងប្រទេសយេម៉ែន គ្រប់គ្រងដោយក្រុមហ៊ូទី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក។

នេះគឺជាការវាយប្រហារតាមផ្លូវអាកាសជាលើកដំបូងបំផុត លើមូលដ្ឋានរបស់ក្រុមហ៊ូទីក្នុងប្រទេសយ៉េមែន ចាប់តាំងពីចលនាប្រដាប់អាវុធមួយនេះបានបើកការវាយប្រហារជាង ២៧លើក លើកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម កាលពីថ្ងៃទី១៩ ខែវិច្ឆិកាមក និងបន្ទាប់ពីសេតវិមាន និងសម្ព័ន្ធមិត្តកាលពីសប្ដាហ៍មុនបានព្រមានក្រុមហ៊ូទី ពីផលវិបាក ប្រសិនបើនៅតែមិនបញ្ឈប់ការវាយប្រហារក្នុងតំបន់សមុទ្រក្រហម។

* តើអាមេរិក និងសម្ព័ន្ធវាយប្រហារលើគោលដៅណាខ្លះរបស់ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន?
កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា (ម៉ោងនៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានហៅការវាយប្រហារតាមផ្លូវអាកាស គឺជាការបញ្ជូនសារមួយយ៉ាងច្បាស់ ថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងមិនអត់ឱនឱ្យជាដាច់ខាតចំពោះការវាយប្រហារលើកងទ័ពរបស់យើង ហើយក៏នឹងមិនបណ្ដោយឱ្យតួអង្គអរិភាពណាមួយ បំផ្លាញសេរីភាពនៃ ការធ្វើនាវាចរណ៍នៅក្នុងផ្លូវសមុទ្រមួយដែលស្ថិតនៅក្នុងចំណោមផ្លូវសមុទ្រ ដ៏មមាញឹករបស់ពិភពលោកនោះដែរ។

ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងមិនស្ទាក់ស្ទើរទេ ក្នុងការចេញបញ្ជាឱ្យចាត់វិធានការបន្ថែមទៀត ដើម្បីការពារមនុស្សរបស់យើង និងសេរីភាព ធ្វើនាវាចរណ៍នៃពាណិជ្ជកម្មពិភពលោក នៅក្នុងករណីចាំបាច់»។ ក្រុមហ៊ូទីកន្លងមក បានផ្គើននឹងឱសានវាទរបស់សហរដ្ឋអាមេរិក ដោយសន្យាថានឹងបន្តការវាយប្រហាររបស់ខ្លួន ដើម្បី ជាការបង្ហាញការប្រឆាំងរបស់ពួកគេ នឹងសង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ បើតាមលោក បៃដិន កប៉ាល់ដឹកទំនិញជាង ២០០០គ្រឿង ត្រូវបង្ខំចិត្តធ្វើដំណើរតាមផ្លូវវៀងដែល មានចម្ងាយរាប់ពាន់គីឡូម៉ែត្រ ដើម្បីគេចពីការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម។ កាលពីថ្ងៃអង្គារ ទី៩ ខែមករា នាវាចម្បាំងអាមេរិក និងអង់គ្លេសបានអះអាងពីបាញ់ស្ទាក់ បំផ្លាញមីស៊ីល និងយន្ដហោះដ្រូនបាញ់ដោយក្រុមហ៊ូទី ក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសធ្វើឡើងរួមគ្នាជាមួយអង់គ្លេស នៅក្នុងប្រទេសយេម៉ែន បានកំណត់គោលដៅលើមូលដ្ឋាន រ៉ាដា មីស៊ីល និងយន្ដហោះដ្រូនរបស់ក្រុមហ៊ូទី សំដៅកាត់បន្ថយសមត្ថភាពវាយប្រហាររបស់ពួកគេលើកប៉ាល់ដឹកទំនិញអន្តរជាតិ ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិក ការវាយប្រហារនេះមាន ការចូលរួមពីយន្ដហោះចម្បាំងជាច្រើនគ្រឿង និងមីស៊ីល Tomahawk។ តែព្រមពេលជាមួយគ្នា ការវាយប្រហារតាមផ្លូវអាកាសនេះ ក៏បាន និងកំពុងធ្វើឱ្យក្រុមប្រទេសជាសម្ព័ន្ធមិត្តរបស់ អាមេរិកមួយចំនួន នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមទាំងកាតា និងអូម៉ង់ បារម្ភផងដែរថា សហរដ្ឋអាមេរិកកំពុងលូកដៃកាន់តែជ្រៅនៅក្នុងសង្រ្គាមមួយដែលផ្ទុះឡើងក្រោយការវាយប្រហារ ពីសំណាក់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ការព្រួយបារម្ភ នោះគឺខ្លាចការវាយប្រហារដោយផ្ទាល់លើមូលដ្ឋានរបស់ក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន អាច នឹងធ្វើឱ្យសង្រ្គាមក្នុងតំបន់ហ្កាហ្សារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស រាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល ជាមួយចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ដូចជាក្រុម Hezbollah នៅក្នុង ប្រទេសលីបង់ រួមទាំងចលនាប្រដាប់អាវុធស៊ីអ៉ីតដទៃទៀត នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់។

ក៏ប៉ុន្តែ ការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃព្រហស្បតិ៍ ដែលមានការចូលរួមពីយន្ដហោះចម្បាំង ហោះចេញពីមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ និងនាវាផ្ទុកយន្ដហោះចម្បាំង Dwight D. Eisenhower គឺប្រើប្រាស់គ្រាប់បែកមានបំពាក់ប្រព័ន្ធ GPS កំណត់គោលដៅច្បាស់ៗ។ នេះមានន័យថា អាមេរិកមានចេតនាកាត់បន្ថយទំហំនៃការខូចខាត នៅក្នុងជំហានដំបូងនៃការបញ្ជូន សារព្រមានដល់ក្រុមហ៊ូទី កុំឱ្យបានចិត្តថាសហរដ្ឋអាមេរិកមិនហ៊ានចាត់វិធានការឆ្លើយតប ហើយបន្តធ្វើផ្គើនលើសដើម។ នៅត្រង់ចំណុចនេះ ក្រុមមន្ត្រីអាមេរិកនៃរដ្ឋបាលលោក បៃដិន បានបញ្ជាក់ដែរថាការវាយប្រហារផ្លូវអាកាសធ្វើឡើងរួមគ្នាជាមួយអង់គ្លេស មានគោលដៅបង្កការខូចខាត និងកាត់បន្ថយសមត្ថភាពវាយប្រហាររបស់ក្រុមហ៊ូទី នៅក្នុងតំបន់សមុទ្រក្រហម ជាជាងសម្លាប់មេដឹកនាំ ឬអ្នកជំនាញការអ៉ីរ៉ង់ ដែលអាចត្រូវបានចាត់ទុកថាជាការបង្កើនជម្លោះកាន់តែខ្លាំង។ ណាមួយ សហរដ្ឋអាមេរិកក៏មិនបានធ្វើការវាយប្រហារតែម្នាក់ឯងនោះដែរ ដោយមានចក្រភពអង់គ្លេសចូលរួម នឹងមានការគាំទ្រពីអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ផង។

ក្រុមមន្ត្រីហ៊ូទីបាននិយាយថាគោលដៅរបស់ពួកគេមានតែមួយគត់ គឺបង្ខំឱ្យអ៉ីស្រាអែលបញ្ឈប់សង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា។ សម្រាប់រដ្ឋបាលលោក បៃដិន ការសម្រេចចិត្ត ចុងក្រោយ ក្នុងការវាយប្រហារលើមូលដ្ឋានក្រុមហ៊ូទីដោយផ្ទាល់ ត្រូវបានពិចារណាអស់រយៈពេលជាង ៣ខែមកហើយ ដោយបើទោះជាមានការវាយប្រហារជាច្រើនលើកពីក្រុមហ៊ូទី ក៏រដ្ឋបាល លោក បៃដិន នៅតែស្ទាក់ស្ទើរចាត់វិធានការដូចកាលពីថ្ងៃព្រហស្បតិ៍ ក្រោមហេតុផលមួយចំនួន ក្នុងនោះរួមមានបារម្ភថាអាចនឹងបង្កឱ្យមានការបាញ់សងសឹកដាក់គ្នាទៅវិញទៅមករវាង នាវាចម្បាំងអាមេរិក និងក្រុមហ៊ូទី ដែលនេះអាចនឹងអូសឱ្យអ៉ីរ៉ង់លូកដៃចូលក្នុងជម្លោះ។ លើសពីនេះ សហរដ្ឋអាមេរិកក៏មិនចង់ឱ្យការចរចាពីសន្តិភាពនៅក្នុងប្រទេសយេម៉ែនត្រូវបានបំផ្លាញ ហើយបង្ខំឱ្យខ្លួនត្រឡប់ចូលមកពាក់ព័ន្ធក្នុងសង្រ្គាមស៊ីវិលនៅយេម៉ែនសាជាថ្មីនោះដែរ។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ គឺជាការវាយប្រហារទ្រង់ទ្រាយធំបំផុតប្រឆាំងនឹងក្រុមហ៊ូទី ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ។ កាលពី ឆ្នាំ២០១៦ សហរដ្ឋអាមេរិកធ្លាប់បានវាយប្រហារដោយប្រើមីស៊ីលគ្រូស Tomahawk លើមូលដ្ឋានក្រុមហ៊ូទី ៣កន្លែង ក្រោយក្រុមនេះវាយប្រហារលើនាវាចម្បាំងអាមេរិក និងកប៉ាល់ពាណិជ្ជកម្ម។ នៅពេលនោះ ហ៊ូទីបានបញ្ឈប់ការវាយប្រហារ ក្រោយការសងសឹករបស់អាមេរិក។

តែបច្ចុប្បន្ន វាមិនច្បាស់នោះទេថាតើការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអង់គ្លេសអាចកំញើញកុំឱ្យក្រុមហ៊ូទីដែលមានសមត្ថភាពរីកចម្រើន និងកំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំនៅ យេម៉ែន បន្តវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម បាន ឬក៏យ៉ាងណានោះទេ? ក្នុងសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេសរបស់ហ៊ូទីបានបញ្ជាក់ថាសហរដ្ឋអាមេរិក និងអង់គ្លេសនឹងត្រូវត្រៀមខ្លួនតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម ហើយនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។ «យើងទាំងអស់គ្នាជាប្រជាជនយេម៉ែន គឺស្ថិតនៅក្នុងចំណោមអ្នកដែល មិនខ្លាចសហរដ្ឋអាមេរិក... ហើយយើងក៏មិនព្រឺនឹងការប្រឈមុខដាក់គ្នាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះដែរ»។ នេះជាការបញ្ជាក់របស់មេដឹកនាំហ៊ូទី Abdul Malik al Houthi ក្នុងសុន្ទរថាមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធ មួយថ្ងៃមុនការវាយប្រហាររបស់អាមេរិក។ តាមក្រុមអ្នកវិភាគខ្លះ ក្រុមហ៊ូទីនឹងមិនបញ្ឈប់ការវាយប្រហារក្នុងតំបន់សមុទ្រក្រហម ដោយងាយៗឡើយ តែក៏នឹងមិនឱ្យការវាយប្រហាររបស់ខ្លួននាំទៅរកសង្រ្គាមជាមួយអាមេរិកដោយផ្ទាល់នោះដែរ ព្រោះនេះគឺជារឿងមួយដែលអ៉ីរ៉ង់ជាមេកើយរបស់ពួកគេ ក៏ប្រឹងបញ្ចៀសដែរ។ តែយ៉ាងណាក៏ដោយ ហានិភ័យនៃការផ្ទុះរាលដាលនៃសង្រ្គាមមិនអាចត្រូវបានលុបបំបាត់ឡើយ ដរាបណាសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅតែបន្តអូសបន្លាយ៕