(សាណា)៖ ក្រុមឧទ្ទាមហ៊ូទី (Houthi) របស់ប្រទេសយេម៉ែន បានប្តេជ្ញាសងសឹកយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអង់គ្លេស នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យយោធាហ៊ូទី លោក Yahya Saree កងកម្លាំងអាមេរិក និងអង់គ្លេសបានចាប់ផ្តើម «ការឈ្លានពានដ៏ព្រៃផ្សៃ» ជាមួយនឹងការវាយឆ្មក់ចំនួន ៧៣គោលដៅ ដោយតម្រង់ទៅលើរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន ក៏ដូចជាខេត្តមួយចំនួនទៀតដូចជា Hodeidah, Taiz, Hajjah និង Saada ជាដើម។
អ្នកនាំពាក្យរូបនេះបាននិយាយថា ការវាយឆ្មក់នេះបានសម្លាប់មនុស្ស៥នាក់ និងរបួសយ៉ាងតិច៦នាក់។ លោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយបាននិយាយថា ក្រុមហ៊ូទី «នឹងមិនស្ទាក់ស្ទើរក្នុងការកំណត់គោលដៅគ្រប់ប្រភព នៃការគំរាមកំហែងឡើយ»។ លោកក៏បានព្រមានថា «ការឈ្លានពានរបស់អាមេរិក-អង់គ្លេស នឹងមិនដំណើរការដោយគ្មានឆ្លើយតប ឬគ្មានការពិន័យនោះឡើយ»។ តំណាងក្រុមហ៊ូទីរូបនេះក៏បានរំលឹកឡើងវិញ នូវជំហររបស់ក្រុមខ្លួនក្នុងការគាំទ្របុព្វហេតុប៉ាឡេស្ទីនផងដែរ ដោយនិយាយថា ការវាយឆ្មក់នេះនឹងមិនអាចរារាំងពួកគេ ក្នុងការបន្តការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងរងការគៀបសង្កត់នោះឡើយ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសយេម៉ែន ដោយកំណត់គោលដៅមូលដ្ឋានរ៉ាដា មីស៊ីល និងយន្ដហោះដ្រូនរបស់ក្រុមហ៊ូទី ដោយអះអាងថា ធ្វើឡើងដើម្បីកាត់បន្ថយសមត្ថភាពវាយប្រហាររបស់ពួកគេលើកប៉ាល់ដឹកទំនិញអន្តរជាតិ។
ក្រុមហ៊ូទី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកបានបង្កើនការវាយប្រហារលើកប៉ាល់ដឹកទំនិញ នៅក្នុងតំបន់សមុទ្រក្រហម ដោយប្រើយន្ដហោះដ្រូន និងមីស៊ីល ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើងក្រោយហាម៉ាសវាយប្រហារលើភាគខាងត្បូង អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក៕
រូបភាពពី Reuters