(ហ្សឺណែវ)៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា អ៊ីស្រាអែលបានបរាជ័យម្តងហើយម្តងទៀត ក្នុងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ចាប់តាំងពីខ្លួនបានបើកការវាយប្រហារលើតំបន់ហ្គាហ្សា ដែលជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនដោយចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) កាលពីថ្ងៃទី ៧ ខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោកស្រី Elizabeth Throssell បាននិយាយថា «អ៊ីស្រាអែលបានបរាជ័យម្តងហើយម្តងទៀត ក្នុងការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ៖ ចំពោះភាពខុសគ្នា សមាមាត្រ និងការប្រុងប្រយ័ត្ននៅពេលធ្វើការវាយប្រហារ»។ លោកស្រីសង្កត់ធ្ងន់ថា «ការរំលោភលើកាតព្វកិច្ចទាំងនេះ អាចនាំឱ្យមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ហើយក៏បានព្រមានអំពីហានិភ័យនៃឧក្រិដ្ឋកម្មដ៏ឃោរឃៅផ្សេងទៀតផងដែរ»

ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ នៅពីថ្ងៃសុក្រដដែលនេះក៏បាននិយាយផងដែរថា អាជ្ញាធរអ៊ីស្រាអែលកំពុងរារាំងជាប្រព័ន្ធពីការចូលទៅកាន់តំបន់ហ្គាហ្សាភាគខាងជើងដើម្បីផ្តល់ជំនួយ ដែលជាឧបស័គ្គធ្ងន់ធ្ងរដល់ប្រតិបត្តិការមនុស្សធម៌នៅទីនោះ។

ប្រធានការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌នៅក្នុងទឹកដីប៉ាឡេស្ទីន លោក Andrea Di Domenico បានលើកឡើងថា «ប្រតិបត្តិការនៅភាគខាងជើងហ្គាហ្សាកាន់តែស្មុគស្មាញ»លោកបានបន្ថែមថា «យើងត្រូវបានបដិសេធជាប្រព័ន្ធពីភាគីអ៊ីស្រាអែល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីនាំយកជំនួយមនុស្សធម៌ទៅដល់ទីនោះ»

ទោះជាយ៉ាងណា អាជ្ញាធរអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ប៉ុន្តែកន្លងមក អ៊ីស្រាអែលធ្លាប់បានបដិសេធចំពោះករណីបែបនេះ។

គួរបញ្ជាក់ថា ការវាយលុករបស់អ៊ីស្រាអែលដែលបានចាប់ផ្តើម បន្ទាប់ពីការវាយប្រហារដ៏សាហាវដោយពួកសកម្មប្រយុទ្ធហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា បានជម្លៀសប្រជាជនភាគច្រើននៃតំបន់ហ្គាហ្សាដែលមានប្រមាណ ២.៣ លាននាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារ ទឹក និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ៕