(ហាណូយ)៖ តុលាការនៅក្នុងប្រទេសវៀតណាម នាថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោសអតីតរដ្ឋមន្រ្តីសុខាភិបាល លោក Nguyen Thanh Long ដាក់ពន្ធនាគាររយៈពេល១៨ឆ្នាំ ក្រោយរកឃើញថា រូបលោកពិតជាមានទោសសម្រាប់ការទទួលសំណូក ក្នុងរឿងអាស្រូវ​ឧបករណ៍ធ្វើតេស្តកូវីដ១៩។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។

កាសែតវៀតណាម Phap Luat បានរាយការណ៍ថា លោក Long បានរងការចោទប្រកាន់ទទួលសំណូក គិតជាទឹកប្រាក់ស្មើនឹងចំនួន ២.២៥លានដុល្លារអាមេរិក។ នៅក្នុងរឿងអាស្រូវនេះ ក្រុមហ៊ុនវៀតណាមមួយត្រូវបានចោទប្រកាន់ថា សមគំនិតគ្នាជាមួយពួកមន្រ្តីរដ្ឋាភិបាល ក្នុងគោលដៅជួលអង្គភាពស្រាវជ្រាវមួយ ដែលផ្គត់ផ្គង់ដោយមូលនិធិរដ្ឋ ដើម្បីផលិតនិងបំប៉ោងតម្លៃឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ អំលុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។

គួរបញ្ជាក់ថា ការប្រកាសសាលក្រមកាត់ទោសខាងលើនេះធ្វើឡើង ស្របពេលដែលវៀតណាម កំពុងបន្តពង្រឹងយុទ្ធនាការបោសសម្អាត​អំពើពុករលួយ ដែលបានមើលឃើញ មន្រ្តីជាន់ខ្ពស់រាប់រយនាក់ត្រូវបានស៉ើបអង្កេត ក្នុងនោះជាច្រើននាក់ បានទទួលរងពិន័យ និងត្រូវបង្ខំ​ឱ្យចុះចេញពីមុខតំណែង រួមមានទាំង អតីតប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc ហើយនិងឧបនាយករដ្ឋមន្រ្តី២រូប៕

រូបភាពពី Reuters