(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានធ្វើដំណើរទៅកាន់ទីក្រុងកៀវ នាថ្ងៃសុក្រនេះ ក្រោមគោលដៅប្រកាសអំពីការបង្កើនជំនួយយោធា ដើម្បីជួយអ៊ុយក្រែនទិញដ្រូនថ្មីៗ រួមមានទាំងប្រភេទឈ្លបការណ៍ ប្រភេទវាយប្រហាររយៈចម្ងាយឆ្ងាយ និងប្រភេទដ្រូនសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។
រដ្ឋាភិបាលអង់គ្លេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងការពារជាតិអង់គ្លេស នឹងធ្វើការជាមួយបណ្តាដៃគូអន្តរជាតិ ដើម្បីបង្កើនឱ្យខ្លាំងបន្ថែមទៀត នូវចំនួនដ្រូនដែលផ្តល់ឱ្យសម្រាប់ជួយ ពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន។ លោកនាយករដ្ឋមន្រ្តីអង់គ្លេស បានលើកឡើងថា អ៊ុយក្រែនបាននិងកំពុងប្រយុទ្ធតស៊ូ ដើម្បីមូលដ្ឋានសេរីភាពនិងប្រជាធិបតេយ្យ អស់រយៈពេល២ឆ្នាំមកហើយ ហើយលោកទៅអ៊ុយក្រែននាពេលនេះ ដើម្បីបង្ហាញថា ចក្រភពអង់គ្លេសនឹងមិនរាថយដាច់ខាត គឺបន្តឈរនៅជាមួយអ៊ុយក្រែន ទាំងអំលុងពេលវេលាដ៏ខ្មៅងងឹតបំផុត និងទាំងអំលុងពេលវេលាដ៏ប្រសើរ ដែលនឹងមកដល់នាពេលអនាគត។
គួរបញ្ជាក់ថា ទីក្រុងឡុងដ៍បានដើរតួនាទី ជាអ្នកគាំទ្រយ៉ាងរឹងមាំមួយរបស់ទីក្រុងកៀវ គិតចាប់តាំងពីរុស្ស៉ី បានលើកទ័ពចូលឈ្លានពានលើអ៊ុយក្រែន កាលពីពីខែកុម្ភៈ ឆ្នាំ២០២២មក។ កន្លងទៅ លោក Sunak បានអះអាងថា ចក្រភពអង់គ្លេស នឹងបង្កើនការគាំទ្ររបស់ខ្លួនបន្ថែមទៀត នៅឆ្នាំសារពើពន្ធបន្ទាប់ឱ្យដល់ ២.៥ពាន់លានផោន ស្មើនឹង៣.១៩ពាន់លានដុល្លារ ដែលជាកំណើនចំនួន២០០លានផោន ធៀបនឹងកាលពីអំលុង២ឆ្នាំកន្លងទៅ៕
រូបភាពពី Reuters