(ណៃពិដោ)៖ ក្រុមចលនាប្រដាប់អាវុធ TNLA បានអះអាងនៅថ្ងៃសុក្រនេះថា សម្ព័ន្ធចលនាប្រដាប់អាវុធជនជាតិភាគតិច ដែលមានខ្លួន​នៅក្នុងនោះដែរ បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ខណៈកិច្ចចរចាគ្នាគឺមានការចូលរួម ​ពីសំណាក់ប្រេសិតមកពីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោង សានស៊ូជី ដើម្បីឡើងកាន់កាប់ប្រទេស កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានប្រយុទ្ធគ្នាជាមួយក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ដែលចង់បិទបញ្ចប់ការគ្រប់គ្រងរបស់ខ្លួន លើតំបន់របស់ពួកគេ ចាប់តាំងតែពី​ចុងខែតុលា ឆ្នាំ២០២៣មក ដោយអំពើហិង្សាតានតឹងខ្លាំង ស្ថិតនៅតាមបណ្តោយព្រំប្រទល់ភាគខាងជើង ជាប់ប្រទេសចិន។ ការវាយលុក​របស់សម្ព័ន្ធភាពក្រុមចលនាប្រដាប់អាវុធ ហៅថា Three Brotherhood Alliance បានបង្កបញ្ហាប្រឈមដ៏ធំបំផុតមួយផ្នែកសមរភូមិ សម្រាប់របបយោធាមីយ៉ាន់ម៉ា គិតចាប់តាំងពីរដ្ឋប្រហារ និងបានបង្កក្តីបារម្ភនៅក្នុងប្រទេសចិន ពាក់ព័ន្ធលទ្ធភាពនៃការរំខានសកម្មភាពពាណិជ្ជកម្មឆ្លងដែន ព្រមទាំងលំហូរនៃជនភៀសខ្លួន។

មេដឹកនាំក្រុម TNLA បានប្រាប់ថា ក្នុងកិច្ចចរចាដែលជួយសម្រុះសម្រួលដោយ បេសកជនចិន លោក Deng Xi សម្ព័ន្ធភាព Three Brotherhood Alliance បានយល់ព្រមផ្អាកការប្រយុទ្ធដោយមិនបន្តវាយលុកទៀតឡើយ។ យោងតាមប្រភពពដែល សម្រាប់ភាគី Three Brotherhood Alliance គឺត្រូវបញ្ឈប់សកម្មភាពវាយលុក លើបន្ទាយឬក្រុងរបស់យោធា ខណៈសម្រាប់ខាងយោធាវិញ គឺត្រូវបញ្ឈប់សកម្មភាពវាយប្រហារតាមផ្លូវអាកាស បាញ់ផ្លោង ឬប្រើប្រាស់សព្វាវុធធុនធ្ងន់។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការអះអាងដូចខាងលើពីសំណាក់ក្រុម TNLA ទាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយនិងក្រុមប្រដាប់អាវុធ២ផ្សេងទៀត ដែលស្ថិតក្នុងសម្ព័ន្ធភាពនោះ រួមមាន Myanmar National Democratic Alliance Army (MNDAA) និង Arakan Army (AA) មិនបានចេញមុខផ្តល់ការអត្ថាធិប្បាយណាមួយ នៅឡើយទេ៕