(សាណា)៖ នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យរបស់ក្រុមឧទ្ទាមហ៊ូទី (Huthi) នៃប្រទេសយេម៉ែន បានអះអាងថា ពួកគេនឹងបន្តកំណត់គោលដៅទៅលើកប៉ាល់ទាំងឡាយ ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល នៅតំបន់សមុទ្រក្រហម ទោះបីទើបតែទទួលរង ការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ កងកម្លាំងរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។
លោក Mohammed Abdulsalam ដែលជាអ្នកនាំពាក្យរបស់ពួក Huthi បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមយ៉ាងដូច្នេះថា «ពួកយើងសូមប្រកាសថា វាគ្មានហេតុផលសមស្របទាល់តែសោះ សម្រាប់ការវាយប្រហារបំពានបែបនេះ ប្រឆាំងមកលើប្រទេសយេម៉ែន ពីព្រោះមិនមានការគំរាមកំហែងណាមួយ ចំពោះការធ្វើនាវាចរណ៍របស់អន្តរជាតិ នៅក្នុងតំបន់សមុទ្រក្រហមនិងសមុទ្រអារ៉ាប់ នោះឡើយ ដោយការកំណត់គោលដៅរបស់យើង ប៉ះពាល់តែទៅលើកប៉ាល់អ៉ីស្រាអែល និងកប៉ាល់ដែលឆ្ពោះទៅកំពង់ផែ នៃទឹកដីប៉ាឡេស្ទីនដែលស្ថិតក្រោមការត្រួតត្រាប៉ុណ្ណោះ ហើយការកំណត់គោលដៅបែបនេះ នឹងបន្តទៅមុខទៀត»។
គួរបញ្ជាក់ថា អ្នកនាំពាក្យ Huthi បានចេញសេចក្តីថ្លែងការណ៍ដូចខាងលើ បន្ទាប់ពីអាមេរិកនិងអង់គ្លេស បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាស លើប្រទេសយេម៉ែន ដោយផ្តោតគោលដៅចំពោះ មូលដ្ឋានរ៉ាដា មីស៉ីល និងយន្តហោះដ្រូន របស់ Huthi ដើម្បីកាត់បន្ថយសមត្ថភាពវាយប្រហារបស់ក្រុមឧទ្ទាមនេះ លើកប៉ាល់ដឹកទំនិញអន្តរជាតិ។ ពួក Huthi ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បានបង្កើនការវាយប្រហារលើកប៉ាល់ដឹកទំនិញ នៅក្នុងតំបន់សមុទ្រក្រហម ដោយប្រើយន្ដហោះដ្រូន និងមីស៊ីល ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ផ្ទុះឡើងក្រោយហាម៉ាសវាយប្រហារលើ ភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក៕
រូបភាពពី Reuters