(ហាណូយ)៖ អគ្គលេខាធិការនៃបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong) ត្រូវគេរំពឹងថា នាថ្ងៃសុក្រនេះ នឹងខកខានសាជាថ្មីម្តងទៀត ក្នុងការទទួលស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋទី២ របស់មេដឹកនាំបរទេស មកកាន់រដ្ឋធានីហានូយ ចំពោះមុខការលេចឡើងនៃក្តីកង្វល់អំពីសុខភាពរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។
លោក Trong វ័យ៧៩ឆ្នាំ ដែលបានកាន់តួនាទី អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម តាំងពីឆ្នាំ២០១១រហូតមក គឺជាមេដឹកនាំកំពូល ដែលមានឥទ្ធិពលធំជាងគេបង្អស់ នៅក្នុងប្រព័ន្ធនយោបាយឯកបក្សនៃប្រទេសអាស៊ានមួយនេះ ហើយជាទូទៅ លោកតែងតែចេញមុខទទួលស្វាគមន៍ មេដឹកនាំក៏ដូចជាឥស្សរជនបរទេស ដែលមកបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម ក្នុងជំនួបលក្ខណៈឯកជន។
យ៉ាងណាមិញ យោងតាមសេចក្តីព្រាងរបៀបវារៈ របស់ក្រសួងការបរទេសវៀតណាម និងការិយាល័យប្រធានាធិបតីឥណ្ឌូណេស៉ី មេដឹកនាំកំពូលវៀតណាមរូបនេះ ពុំមានកាលវិភាគ ត្រូវទទួលជួបមេដឹកនាំឥណ្ឌូណេស៉ី លោក Joko Widodo អំលុងទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Widodo នាថ្ងៃសុក្រនេះឡើយ។ ចំណែក កាលពីសប្តាហ៍កន្លងទៅ លោកក៏មិនស្ថិតក្នុងបញ្ជីឈ្មោះ នៃថ្នាក់ដឹកនាំវៀតណាម ដែលបានទទួលជួបនាយករដ្ឋមន្រ្តីឡាវ លោក Sonexay Siphandone នោះដែរ។
គួរបញ្ជាក់ថា លោក Trong មិនបានបង្ហាញវត្តមានជាសាធារណៈ ចាប់តាំងថ្ងៃទី២៦ ខែធ្នូ ឆ្នាំមុន នៅពេលដែលលោកបានជួបជាមួយ ប្រធានគណបក្សកុម្មុយនិស្តនៃប្រទេសជប៉ុន លោក Kazuo Shii៕
រូបភាពពី Reuters