(វីលនីញូស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាបទឈប់បាញ់មួយនៅក្នុងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន នឹងមិនអាច នាំទៅរកកិច្ចសន្ទនានយោបាយនោះទេ ហើយមានតែផ្ដល់ផលចំណេញឱ្យរុស្ស៉ីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីតាលិន (Tallinn) ប្រទេសអេស្ដូនី នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា អំឡុងបំពេញទស្សនកិច្ចមួយជុំតំបន់បាល់ទិក។ តាមលោក ហ្សេលេនស្គី រាល់បទឈប់បាញ់ ឬការផ្អាកការប្រយុទ្ធណាមួយ គឺនឹងទុកពេលឱ្យកងទ័ពរុស្ស៉ីប្រមូល កម្លាំងឡើងវិញ និងបង្កើនការផលិតអាវុធ។ «បទឈប់បាញ់នឹងមិននាំទៅរកការបិទបញ្ចប់សង្រ្គាម ឬក៏កិច្ចសន្ទនានយោបាយជាមួយរុស្ស៉ីនោះទេ ...ហើយក៏នឹង មិនមានបទឈប់បាញ់ដែលផ្ដល់ផលចំណេញដល់រុស្ស៉ីនោះដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ្សេលេនស្គី។

គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសលីទុយអានី ឡេតូនី និងអេស្ដូនីដែលសុទ្ធសឹងតែជាប្រទេសបង្ហាញការគាំទ្រយ៉ាងរឹងមាំដល់ទីក្រុងកៀវ លោក ហ្សេលេនស្គីបានបង្ហាញក្ដីរំពឹងថាអាចនឹងបន្តទទួលបានជំនួយយោធា និងហរិញ្ញវត្ថុពីបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក៕

រូបភាពពី Reuters