(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន លោក Liu Jianchao ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ហើយជំនួបនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនតៃវ៉ាន់រៀបចំការបោះឆ្នោតសកល ជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃសោរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។

ការបោះឆ្នោតសកលរបស់តៃវ៉ាន់ ដើម្បីជ្រើសរើសមេដឹកនាំជំនួសលោកស្រី សៃ អ៉ីងវិន ដែលផុតអាណត្តិ និងសមាជិកសភាថ្មី នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ត្រូវ បានគេមើលឃើញថានឹងក្លាយជាការធ្វើតេស្តមួយផងដែរលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលទើបតែបានត្រឡប់មករកភាពធូរស្រាលឡើងវិញ បន្តិច បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងរដ្ឋ California។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Liu Jianchao ក៏បានជួបពិភាក្សាជាមួយទីប្រឹក្សារងខាងសន្តិសុខជាតិសេតវិមាន លោក Jon Finer ដែរ ស្របពេលទាំងសហរដ្ឋអាមេរិក និងចិន បានផ្លោងសម្ដីដាក់គ្នាទៅវិញទៅមក កុំឱ្យមានការលូកលាន់ការបោះឆ្នោតតៃវ៉ាន់៕