(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងអាមេរិក និងអង់គ្លេសប្រឆាំងនឹង ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន គឺជាសកម្មភាពការពារខ្លួន ហើយក៏នឹងមិនស្ទាក់ស្ទើរដែរក្នុងការវាយប្រហារសាជាថ្មី នៅក្នុងករណី ចាំបាច់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះផងដែរ (ម៉ោងនៅវ៉ាស៊ីនតោន) រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឱ្យដឹងថាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសយេម៉ែន ដោយកំណត់គោលដៅមូលដ្ឋានរ៉ាដា មីស៊ីល និងយន្ដហោះដ្រូន របស់ក្រុមហ៊ូទី ដើម្បីកាត់បន្ថយសមត្ថភាពវាយប្រហាររបស់ពួកគេលើកប៉ាល់ដឹកទំនិញអន្តរជាតិ។ លោក Austin បន្ថែមថាអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ ក៏បានផ្ដល់ការគាំទ្រនៅក្នុងការវាយប្រហារនេះដែរ ដែលជាការបញ្ជូនសារមួយយ៉ាងច្បាស់ទៅកាន់ក្រុមហ៊ូទីថាពួកគេអាចនឹងរង ការវាយប្រហារបន្ថែមទៀត ប្រសិនបើមិនបញ្ឈប់ការវាយប្រហារដោយខុសច្បាប់របស់ខ្លួនទេនោះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ការវាយប្រហារ តាមផ្លូវអាកាសនេះមានចូលរួមពីយន្ដហោះចម្បាំងជាច្រើនគ្រឿង និងមីស៊ីល Tomahawk។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក បៃដិន បានកត់សម្គាល់ថា «នៅថ្ងៃនេះ ដោយមានបញ្ជារបស់ខ្ញុំ កងកម្លាំងយោធាអាមេរិក រួមគ្នាជាមួយអង់គ្លេស ក្រោមការគាំទ្រពីអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដោយជោគជ័យប្រឆាំងនឹងគោលដៅមួយចំនួន នៅក្នុងប្រទេសយេម៉ែនដែលប្រើប្រាស់ដោយក្រុមហ៊ូទី ក្នុងការសកម្មភាពបំផ្លាញសេរីភាពធ្វើនាវាចរណ៍ នៅក្នុងដែនទឹកអន្តរជាតិដ៏មមាញឹកមួយនេះ (សមុទ្រក្រហម)»។

លោក បៃដិន ក៏បានចាត់ទុកដែរថាការវាយប្រហារនេះគឺជាសកម្មភាពការពារខ្លួន ហើយនឹងមិនស្ទាក់ស្ទើរ ក្នុងការវាយប្រហារសាជាថ្មីនៅក្នុងករណី ចាំបាច់ ដើម្បីការពារផលប្រយោជន៍អាមេរិក។

គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារតាមផ្លូវអាកាសជាលើកដំបូងបំផុត លើមូលដ្ឋានរបស់ក្រុមហ៊ូទីក្នុងប្រទេសយ៉េមែន ចាប់តាំងពីចលនាប្រដាប់អាវុធ ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកមួយ បើកការវាយប្រហារជាង ២៧លើក លើកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម កាលពីថ្ងៃទី១៩ ខែវិច្ឆិកាមក។ ក្រុមហ៊ូទី បានអះអាងថាការវាយប្រហាររបស់ខ្លួន ជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាជាទីដែលអ៉ីស្រាអែលកំពុងធ្វើ សង្រ្គាមប្រឆាំងក្រុមហាម៉ាស ហើយប្ដេជ្ញាថានឹងបន្តការវាយប្រហារក្នុងតំបន់សមុទ្រក្រហម រហូតទាល់តែអ៉ីស្រាអែលបញ្ឈប់សង្រ្គាមនៅហ្កាហ្សា៕

រូបភាពពី AFP