(តេអេរ៉ង់)៖ កងទ័ពជើងទឹកអ៊ីរ៉ង់ បានរាយការណ៍ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នាវាដឹកប្រេងរបស់អាមេរិកមួយគ្រឿង ត្រូវបានរឹបអូសនៅសមុទ្រអូម៉ង់ ជាការសងសឹកចំពោះការលួចយកប្រេងរបស់ខ្លួន កាលពីខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។​ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័រទំនាក់ទំនងសាធារណៈរបស់យោធាអ៊ីរ៉ង់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍បាននិយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់បានចូលទៅគ្រប់គ្រងនាវាដឹកប្រេងមួយឈ្មោះថា Saint Nicholas នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានដីកាពីតុលាការ និងការបញ្ជាក់ពីអង្គការកំពង់ផែ និងដែនសមុទ្រអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍បាននិយាយទៀតថា កប៉ាល់ដែលពីមុនត្រូវបានគេស្គាល់ថា Suez Rajan «បានលួចដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់កាលពីឆ្នាំមុន ដោយបន្ថែមថា ប្រេងអ៊ីរ៉ង់បន្ទាប់មកត្រូវបានដឹកជញ្ជូនទៅកាន់កំពង់ផែអាមេរិក និងប្រគល់ឱ្យសហរដ្ឋអាមេរិក។

ប្រភពដដែលបានបញ្ជាក់ថា នាវាដឹកប្រេង San Nicholas ត្រូវបានរឹបអូសដោយកងទ័ពជើងទឹកអ៊ីរ៉ង់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលវាកំពុងដឹកប្រេងនៅក្នុងច្រកសមុទ្រអូម៉ង់។ កងទ័ពជើងទឹកបាននិយាយថា កប៉ាល់ដឹកប្រេងដែលរឹបអូសបាននេះ កំពុងត្រូវបានផ្ទេរទៅកាន់កំពង់ផែអ៊ីរ៉ង់ ដើម្បីប្រគល់បន្តទៅអាជ្ញាធរតុលាការកាត់ក្តី៕

រូបភាពពី AP