(ឡាអេ)៖ ប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីនយ៉ាងច្បាស់លាស់ ហើយបានស្នើសុំឱ្យតុលាការកំពូលរបស់អង្គការសហប្រជាជាតិមួយនេះ ដាក់បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ចំពោះយុទ្ធនាការយោធាដ៏ឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ នេះបើយោងតមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

នៅថ្ងៃដំបូងនៃសវនាការពីរថ្ងៃនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រទេសអាហ្រ្វិកខាងត្បូងបាននិយាយថា ការវាយលុកតាមអាកាស និងផ្លូវគោករបស់អ៊ីស្រាអែល គឺមានគោលបំណង «បោសសម្អាតចោលប្រជាជន» នៅក្នុងប៉ាឡេស្ទីន។

លោក Tembeka Ngcukaitobi មេធាវីនៅតុលាការកំពូលរបស់អាហ្វ្រិកខាងត្បូងបានប្រាប់តុលាការថា «ចេតនាបំផ្លាញហ្គាហ្សាត្រូវបានរក្សានៅក្នុងកម្រិតខ្ពស់បំផុតនៃរដ្ឋ»។ លោកបានបន្ថែមថា មេដឹកនាំនយោបាយ និងយោធារបស់អ៊ីស្រាអែល រួមទាំងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ផងដែរនោះ ស្ថិតក្នុងចំណោម «អ្នកញុះញង់ឱ្យមានការប្រល័យពូជសាសន៍»

អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ដោយបាននិយាយថា វាគ្មានមូលដ្ឋាន ហើយបានចោទប្រកាន់ទីក្រុង Pretoria វិញថា បានដើរតួនាទីជា «អ្នកតស៊ូមតិបីសាច» របស់ក្រុមហាម៉ាស ដែលជាក្រុមអ៊ីស្លាមប៉ាឡេស្ទីនប្រដាប់អាវុធប្រឆាំងនឹងអ៊ីស្រាអែលកំពុងធ្វើសង្គ្រាមនៅតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមទាំងស្រុង បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី ៧ខែតុលា ដែលមន្ត្រីអ៊ីស្រាអែលបាននិយាយថា បានសម្លាប់មនុស្ស ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៤០នាក់ទៅកាន់តំបន់ហ្គាហ្សា។
អាហ្រ្វិកខាងត្បូង បានបរិហារចំពោះយុទ្ធនាការទម្លាក់គ្រាប់បែកដោយមិនរើសមុខរបស់អ៊ីស្រាអែលដែលកំពុងបន្តក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង ២៣,០០០នាក់ក្នុងនោះភាគច្រើនជាស្ត្រី និងកូនក្មេង។

ក្រុមអ្នកច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលគេស្គាល់ថាជាតុលាការពិភពលោក ក៏បានចង្អុលទៅការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Galant ដែលបាននិយាយនៅដើមសង្គ្រាមថា អ៊ីស្រាអែលនឹងដាក់ការបិទផ្លូវទាំងស្រុង ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹង «សត្វមនុស្ស» ដែលហាក់ដូចជាបានប្រដូចមនុស្សនៅក្នុងតំបន់ហ្គាហ្សាជាសត្វ។

លោក Ngcukaitobi បាននិយាយទៀតថា «ភស្តុតាងនៃចេតនាប្រល័យពូជសាសន៍មិនត្រឹមតែគួរឱ្យរន្ធត់ប៉ុណ្ណោះទេ វាមានច្រើនលើសលប់ និងមិនអាចប្រកែកបាន»

គួររំលឹកផងដែរថា អនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ ដែលបានអនុម័ត បន្ទាប់ពីមានការសម្លាប់រង្គាលជនជាតិជ្វីហ្វនៅក្នុងរបបផ្តាច់ការរបស់ណាស៊ី កំណត់និយមន័យប្រល័យពូជសាសន៍ថាជា «អំពើដែលបានប្រព្រឹត្តដោយចេតនា ដើម្បីបំផ្លាញទាំងស្រុង ឬមួយផ្នែកចំពោះក្រុមមនុស្ស ពូជសាសន៍ ឬសាសនាណាមួយ»

អ្នកតស៊ូមតិរបស់ប្រទេសអាហ្វ្រិកខាងត្បូងនៅតុលាការពិភពលោក លោក Adela Hashem បាននិយាយថា «ជារៀងរាល់ថ្ងៃមានការបាត់បង់កាន់តែច្រើនឡើង និងមិនអាចជួសជុលបាននូវអាយុជីវិត ទ្រព្យសម្បត្តិ សេចក្តីថ្លៃថ្នូរ និងមនុស្សជាតិរបស់ប្រជាជនប៉ាឡេស្ទីន»។ លោកបានសង្កត់ធ្ងន់ថា «គ្មានអ្វីអាចបញ្ឈប់ការឈឺចាប់បានឡើយ លើកលែងតែមានដីការបស់តុលាការនេះ»

រូបភាពពី Reuters