(សៅប៉ូឡូ)៖ ប្រទេសប្រេស៊ីលបានសម្តែងការគាំទ្រ ចំពោះសំណុំរឿងដែលដឹកនាំដោយអាហ្វ្រិកខាងត្បូង នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង ២៣,០០០ នាក់ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

ការសម្រេចចិត្តរបស់ប្រេស៊ីលបែបនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានជួបជាមួយឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន លោក Ibrahim Al-Zaben នៅទីក្រុង Brasilia។

ទោះបីជាលោក Lula បានបញ្ជាក់ថា រដ្ឋបាលរបស់លោកបានថ្កោលទោសភ្លាមៗ ចំពោះការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលាក៏ដោយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា «សកម្មភាពបែបនេះមិនបង្ហាញពីភាពត្រឹមត្រូវនៃការប្រើប្រាស់កម្លាំងមិនរើសមុខម្តងហើយម្តងទៀត និងមិនសមាមាត្ររបស់អ៊ីស្រាអែលប្រឆាំងនឹងជនស៊ីវិលនោះទេ»

ក្រសួងការបរទេសរបស់ប្រទេសប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lula បានសម្តែងការគាំទ្រចំពោះករណីរបស់អាហ្វ្រិកខាងត្បូងក្នុងទិដ្ឋភាព នៃ «ការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ» ដោយមានគោលបំណងបញ្ជាឱ្យ «អ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាព និងវិធានការនានាដែលអាចឈានដល់ការប្រល័យពូជសាសន៍ ឬឧក្រិដ្ឋកម្មពាក់ព័ន្ធ»

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា លោក Lula បាននិងកំពុងធ្វើការនៅក្នុងសហគមន៍អន្តរជាតិដើម្បីសម្រេចបានបទឈប់បាញ់ រំដោះចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស់ និងបង្កើតច្រករបៀងមនុស្សធម៌ដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា «រដ្ឋាភិបាលប្រេស៊ីលបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះដំណោះស្រាយរដ្ឋពីរ ដែលបង្កើតរដ្ឋប៉ាឡេស្ទីនដែលឋិតថេរខាងសេដ្ឋកិច្ចរស់នៅដោយសន្តិភាព និងសន្តិសុខជាមួយអ៊ីស្រាអែល ក្នុងព្រំដែនដែលបានព្រមព្រៀងគ្នា និងទទួលស្គាល់ជាអន្តរជាតិ រួមទាំងតំបន់ Gaza Strip និងតំបន់ West Bank ហើយទីក្រុង Jerusalem ជារដ្ឋធានីរបស់ប៉ាឡេស្ទីន»

រូបភាពពី AFP