(ប៉េកាំង)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ចិននិងម៉ាល់ឌីវបានដំឡើងកម្រិតទំនាក់ទំនងរវាងគ្នា អំលុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីម៉ាល់ឌីវថ្មី លោក Mohamed Muizzu មកកាន់ទីក្រុងប៉េកាំង បន្ទាប់ពីរូបលោកបានប្រកាសចាត់ទុក ឥណ្ឌាគឺគូប្រជែងក្នុងតំបន់របស់ចិន ជាការគំរាមកំហែងមួយ ចំពោះអធិបតេយ្យរបស់ម៉ាល់ឌីវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។
អំលុងជំនួបជាមួយលោកប្រធានាធិបតីម៉ាល់ឌីវ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានព្រមព្រៀងដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ដល់ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៉ី បានប្រាប់ លោក Muizzu យ៉ាងដូច្នេះថា «ទំនាក់ទំនងចិននិងម៉ាល់ឌីវ កំពុងទទួលបានឱកាសជាប្រវត្តិសាស្រ្តមួយ ក្នុងការបោះជំហានទៅមុខ និងកសាងអនាគតរួមគ្នា»។
លោក Muizzu បានឡើងកាន់អំណាចកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ហៅថា «India Out» ដែលអំលុងពេលនោះ រូបលោកប្រកាសចាត់ទុកឥទ្ធិពលដ៏ធំរបស់ឥណ្ឌានៅម៉ាល់ឌីវ គឺជាការគំរាមកំហែងចំពោះអធិបតេយ្យ។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលរបស់លោក បានស្នើឱ្យកងទ័ពឥណ្ឌា ដែលឈរជើងនៅម៉ាល់ដីវ ត្រឡប់ចាកចេញទៅវិញ ហើយទន្ទឹមគ្នា លោក Muizzu បានលើកអំពីឱកាសផ្សេងៗសម្រាប់វិនិយោគិនចិន។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងឥណ្ឌានិងចិនបានធ្លាក់ចុះដុនដាបជាខ្លាំង បន្ទាប់ពីកងទ័ពទាំងសងខាង បានប៉ះទង្គិចគ្នានៅតំបន់ព្រំប្រទល់ ម្តុំភាគខាងលិចជួរភ្នំហិម៉ាល័យ កាលពីខែមិថុនា ឆ្នាំ២០២០ ជាហេតុបណ្តាលឱ្យបាត់បង់ជីវិតទាហានឥណ្ឌា២០នាក់ និងទាហានចិន៤នាក់។ តាមរយៈការដំឡើងកម្រិតទំនាក់ទំនងជាមួយម៉ាល់ឌីវ ចិនមានឱកាសបង្កើនការវិនិយោគកាន់តែខ្លាំងថែមទៀត នៅក្នុងតំបន់មួយជាទីដែលឥណ្ឌា បានមើលឃើញរួចស្រេចមកហើយ នូវប្រទេសជិតខាងខ្លួនមួយទៀតគឺស្រីលង្កា ងាកមករកទីក្រុងប៉េកាំង៕
រូបភាពពី Reuters