(ហ្សាការតា)៖ នៅថ្ងៃពុធនេះ ភ្នំភ្លើងមួយមានឈ្មោះថា Lewotobi Laki-Laki នៅប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើង ដោយជះដុំពពកផេះឡើងផ្ទៃអាកាស កម្ពស់ប្រហែល ២គីឡូម៉ែត្រលើកំពូលភ្នំ ហើយអាជ្ញាធរក៏បានសម្រេចដំឡើង ការប្រកាសអាសន្នសម្រាប់ស្ថានភាពភ្នំភ្លើងនេះ ដល់កម្រិតខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។
ការផ្ទុះឡើងនេះកើតមាន បន្ទាប់ពីគេបានសង្កេតឃើញភ្នំភ្លើងនោះ បានបញ្ចេញសញ្ញាមិនស្រួល អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ។ ភ្នំភ្លើង Lewotobi Laki-Laki ស្ថិតលើកោះ Flores របស់ឥណ្ឌូណេស៉ី។ អាជ្ញាធរបានដំឡើង ការប្រកាសអាសន្នដល់កម្រិតលេខ៤ សម្រាប់ភ្នំភ្លើងនេះ ដែលជាកម្រិតខ្ពស់បំផុត និងចេញការហាមឃាត់ មិនឱ្យមនុស្សទៅជិតតំបន់រង្វង់៤-៥គីឡូម៉ែត្រ ជុំវិញមាត់ភ្នំភ្លើងឡើយ។ ទន្ទឹមគ្នា សហគមន៍នៅក្បែរៗតំបន់ភ្នំភ្លើង ត្រូវបានទទូចឱ្យជម្លៀសខ្លួនជាបណ្តោះអាសន្ន ទៅរកកន្លែងសុវត្ថិភាព ខណៈអាជ្ញាធរក្នុងតំបន់ បានរៀបចំកន្លែងជ្រកកោនបណ្តោះអាសន្ន ចំនួន២ទីតាំង ដែលឥឡូវកំពុងផ្ទុកមនុស្សប្រហែល៥,០០០នាក់។
គួរបញ្ជាក់ថា ប្រទេសប្រជុំកោះនៅអាស៉ីអាគ្នេយ៍មួយនេះ ស្ថិតក្នុងតំបន់គេហៅថា Pacific Ring of Fire ជាកន្លែងសម្បូរទៅដោយ សកម្មភាពភ្នំភ្លើងនិងរញ្ជួយផែនដី ហើយមានភ្នំភ្លើងសរុបទាំងអស់ជិត១៣០។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរឥណ្ឌូណេស៉ី ក៏បានបង្កើនកម្រិតប្រកាសអាសន្ន សម្រាប់ភ្នំភ្លើងមួយទៀតឈ្មោះ Marapi ផងដែរ ដែលស្ថិតនៅលើកោះ Sumatra ឱ្យដល់កម្រិតខ្ពស់បំផុតទី២៕
រូបភាពពី AFP