(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ការបាញ់បង្ហោះផ្កាយរណបមួយរបស់ចិន បានបណ្តាលឱ្យអាជ្ញាធរនៅតៃវ៉ាន់ បញ្ជូនសារប្រកាសអាសន្នទៅកាន់គ្រប់ទូរស័ព្ទដៃរបស់ប្រជាជន នៅទូទាំងដែនកោះនេះ ខណៈវាកើតឡើងនៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលតៃវ៉ាន់ត្រូវរៀបចំ ការបោះឆ្នោតរើសមេដឹកនាំ និងសមាជិកសភាអាណត្តិថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ទីក្រុងប៉េកាំងនារសៀលថ្ងៃអង្គារនេះ បានទទួលជោគជ័យក្នុងការបាញ់បង្ហោះ ផ្កាយរណបឈ្មោះ Einstein Probe សម្រាប់បម្រើគោលដៅតារាសាស្រ្តនិងវិទ្យាសាស្រ្ត ដោយប្រើប្រាស់រ៉ុក្កែត Long March-2C ចេញពីមជ្ឈមណ្ឌល Xichang Satellite Launch Centre។
ដោយឡែក ក្នុងពេលទន្ទឹមគ្នានោះ ទូរស័ព្ទដៃនៅទូទាំងកោះតៃវ៉ាន់ ទទួលបានសារប្រកាសអាសន្នដែលប្រាប់ថា ចិនបានបង្ហោះផ្កាយរណប ដែលហោះកាត់ចំពីលើ ដែនអាកាសភាគខាងត្បូងរបស់តៃវ៉ាន់ ហើយណែនាំឱ្យសាធារណជនប្រុងប្រយ័ត្នសុវត្ថិភាព។ វាកើតឡើងចំពេល រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu កំពុងធ្វើសន្និសីទសារព័ត៌មាន ជាមួយក្រុមអ្នកកាសែតបរទេស នៅមុនការបោះឆ្នោតដែលត្រូវប្រព្រឹត្តទៅ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ បើយោងតាមលោក Wu ការបញ្ជូនសារប្រកាសអាសន្នទូទាំងដែនកោះបែបនេះ គឺជាវិធានការបង្ការ ខ្លាចមានធ្លាក់កម្ទេចកម្ទីឬបំណែកផ្សេងៗ ពីរ៉ុក្កែតដែលហោះកាត់ផ្ទៃអាកាសរបស់តៃវ៉ាន់។
គួរបញ្ជាក់ថា ការបោះឆ្នោតចុងសប្តាហ៍នេះ នឹងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ទាំងពីសំណាក់ទីក្រុងប៉េកាំង និងពីសំណាក់ទីក្រុងវ៉ាស៉ីនតោន ដ្បិតប្រជាជនតៃវ៉ាន់នឹងជ្រើសរើសមេដឹកនាំថ្មី ជំនួសមេដឹកនាំសព្វថ្ងៃគឺ លោកស្រី Tsai Ing-wen ចំពោះមុខការបង្កើនសម្ពាធផ្នែកនយោបាយនិងយោធាពីចិន។ សម្រាប់បុគ្គលមានសំឡេងប្រជាប្រិយភាពនាំមុខគេ គឺលោក Lai Ching-te ដែលជាបេក្ខជននៃគណបក្សកាន់អំណាចរបស់លោកស្រី Tsai និងជាមេដឹកនាំរងតៃវ៉ាន់បច្ចុប្បន្ន៕
រូបភាពពី Reuters