(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទសប្តាហ៍នេះថាសហរដ្ឋអាមេរិកបានចាត់ទុកថាការបោះឆ្នោតនៅបង់ក្លាដែស កាលពីចុងសប្តាហ៍មុនថាជាការបោះឆ្នោតមិនសេរី និងយុត្តិធម៌ ហើយវ៉ាស៉ីនតោនមានការព្រួយបារម្ភ ចំពោះរបាយការណ៍មិនប្រក្រតីនៅក្នុង ការបោះឆ្នោត និងថ្កោលទោសអំពើហិង្សាដែលបានកើតឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

លោកស្រី Sheikh Hasina ដែលបានដឹកនាំប្រទេសបង់ក្លាដែស ៣អាណត្តិមកហើយនោះ បានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីម្តងទៀតនៅអាណត្តិទី ៤នេះ ដោយគណបក្សរបស់លោកស្រីទទួលបានកៅអី រហូតដល់ជិត ៧៥ភាគរយ ប៉ុន្តែគណបក្សប្រឆាំងដ៏ធំរបស់បង់ក្លាដែស BNP បានធ្វើពហិការមិនចូលរួមការបោះឆ្នោត ខណៈចំនួនអ្នកទៅបោះឆ្នោតមានកម្រិតទាប។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភ ចំពោះការចាប់ខ្លួនអ្នកនយោបាយ បក្សប្រឆាំងរាប់ពាន់នាក់ និងរបាយការណ៍អំពីភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត។ សហរដ្ឋអាមេរិក សូមចែករំលែកទស្សនជាមួយអ្នកសង្កេតការណ៍ ផ្សេងទៀត ថាការបោះឆ្នោតនៅបង់ក្លាដែសប្រព្រឹត្តទៅ ដោយមិនសេរី និងយុត្តិធម៌ ហើយយើងសោកស្តាយដែលមិនមានគ្រប់ភាគីចូលរួម»

គួរបញ្ជាក់ថា លោកស្រី Sheikh Hasina គឺកូនស្រីរបស់ លោក Sheikh Mujibur Rahman ដែលជាបិតាស្ថាបនិកបង់ក្លាដែស និងបានក្លាយជា នាយករដ្ឋមន្ត្រីលើកដំបូង នៅក្នុងឆ្នាំ១៩៩៦៕

រូបភាពពី Reuters