(អូតាវ៉ា)៖ ប្រទេសកាណាដា ចក្រភពអង់គ្លេស ស៊ុយអែត និងអ៊ុយក្រែន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅកាន់ក្រុមប្រឹក្សា អាកាសចរណ៍ស៊ីវិលរបស់អង្គការសហប្រជាជាតិ ដើម្បីនាំខ្លួនអ៉ីរ៉ង់ឱ្យទទួលខុសត្រូវសម្រាប់ការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង របស់អ៊ុយក្រែន កាលពីខែមករា ឆ្នាំ២០២០ ដែលបានសម្លាប់មនុស្ស១៧៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

ក្នុងចំណោមអ្នកស្លាប់នៅក្នុងសោកនាដកម្មនេះ ភាគច្រើនជាពលរដ្ឋមកពីប្រទេសទាំង៤ខាងលើ ដែលបាននាំគ្នាបង្កើតក្រុមសម្របសម្រួលមួយ ដើម្បីនាំខ្លួនអ៉ីរ៉ង់ឱ្យទទួលខុសត្រូវ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ប្រទេសទាំង៤ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ យើងបានរួមគ្នា ដាក់ពាក្យបណ្ដឹងទៅកាន់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ប្រឆាំងសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ចំពោះការប្រើប្រាស់អាវុធប្រឆាំងនឹង យន្ដហោះស៊ីវិល»

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៣ ប្រទេសទាំង៤ ក៏បានឱ្យដឹងដែរថាពួកគេបានដាក់ពាក្យបណ្ដឹងប្រឆាំងអ៉ីរ៉ង់ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។ អ៉ីរ៉ង់កាលពីឆ្នាំ២០២០ បាននិយាយថាកងកម្លាំងឆ្មាំបដិវត្តន៍របស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរ Boeing 737 មួយគ្រឿងដោយអចេតនា ដោយសារតែបញ្ហារ៉ាដា និងកំហុសរបស់ក្រុមមន្ត្រីប្រតិបត្តិការប្រព័ន្ធការពារដែនអាកាស៕

រូបភាពពី Reuters