(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានច្រានចោលការអំពាវនាវពីអ្នកនយោបាយសាធារណរដ្ឋ មួយចំនួនដែលចង់ឱ្យលោកប្រធានាធិបតី ចូ បៃដិន បណ្ដេញរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ចេញពីតំណែង បន្ទាប់ពីរូបលោក បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមិនឱ្យគេដឹង អស់រយៈពេលជាច្រើនថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

ថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងអមដំណើរលោកប្រធានាធិបតី បៃដិន នៅលើយន្ដហោះ Air Force One អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតីមានទំនុកចិត្តយ៉ាងពេញលេញ ហើយនឹងបន្តមានទំនុកចិត្តលើលោក រដ្ឋមន្ត្រី (លោក Lloyd Austin)... ហើយរឿងដែលសំខាន់នៅពេលនេះគឺយើងចង់ឃើញរូបលោកឆាប់ជាសះស្បើយ និងត្រឡប់មេដឹកនាំ មន្ទីរបញ្ចេកោណវិញ»។

ក្នុងពេលដំណាលគ្នា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ក៏បាននិយាយដែរថាលោក បៃដិនមានជំនឿចិត្ត យ៉ាងមុតមាំថាលោក Austin បានបំពេញការងារបានយ៉ាងល្អអស្ចារ្យ រីឯសេតវិមានមិនមានគម្រោងស្វែងរកអ្នកថ្មីជំនួសរូបលោកនោះទេ។

តាមលោក John Kirby លោក Austin បានចាប់ផ្ដើមបំពេញការងារឡើងវិញហើយ និងកំពុងធ្វើការចេញពីមន្ទីរពេទ្យ Walter Reed military ស្ថិតនៅជាយរដ្ឋធានីវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា អ្នកនយោបាយសាធារណរដ្ឋមួយចំនួន នៅក្នុងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យលោក Austin លាលែងចេញពីតំណែង ឬក៏ត្រូវ បណ្ដេញចេញពីតំណែង ក្រោយមានសេចក្ដីរាយការណ៍ថាលោក បៃដិន និងសេតវិមានមិនបានដឹងអស់រយៈពេលជាច្រើនថ្ងៃថាលោក Austin ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មន្ទីរបញ្ចកោណ ត្រូវរង់ចាំរហូតដល់កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ទើបប្រកាសថាលោក Austin មាន អាយុ៧០ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយមានបញ្ហាសុខភាព អំឡុងឆ្លងកាត់នីតិវិធីពិនិត្យសុខភាពមួយ។ តែមិនមាន ការបញ្ជាក់ឱ្យច្បាស់ថាលោក Austin ឈឺអ្វីឱ្យប្រាកដនោះទេ។

អវត្តមានរបស់លោក Austin កើតមានឡើងចំពេលសហរដ្ឋអាមេរិកកំពុងព្យាយាមប្រឹងប្រែងទប់ស្កាត់កុំឱ្យសង្រ្គាមហ្កាហ្សា រាលដាលទៅជា សង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕

រូបភាពពី AFP